(កណ្តាល)៖ ក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានបន្តជួបជាមួយសមាជិកគណបក្សក្រុមការងារស្ត្រី នៅក្រុងសំពៅពូន និងស្រុកកោះធំ ចំនួន ៤៥០នាក់ និងអំពាវនាវឱ្យរួមគ្នាការពារសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
កាលពីម្សិលមិញ ជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ស៊ុន ចាន់ថុល បានដឹកនាំសមាជិកបក្សជាង៣៥០០នាក់ ហែក្បួនរកការគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋានក្រោមបរិយាកាសយ៉ាងកងរំពងជាខ្លាំង បង្ហាញពីអនុភាពអំណាចនៃគណបក្សប្រជាជន។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោតដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕