(សៀមរាប)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា បច្ចុប្បន្ន ការបង្រ្កាបគ្រឿងញៀននៅកម្ពុជា មានការកើនឡើងជាហូរហែ ប៉ុន្តែបរិមាណគ្រឿងញៀនដែលរឹបអូសបាន​ពីជនល្មើសមានចំនួនថយចុះ នេះបញ្ជាក់ឱ្យឃើញសមត្ថកិច្ចមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងការអនុវត្តការ​ងារបានយ៉ាងល្អ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសិទស្តីពី ការអនុវត្តច្បាប់គ្រឿងញៀន មហាអនុតំបន់ទន្លេមេគង្គលើកទី២ ក្នុងខេត្តសៀមរាប ដែលមានសមាសភាពចូលរួម មកពីប្រទេសតាមដង​ទន្លេមេគង្គចំនួន៦ រួមមាន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម ចិន អង្គការ UNODC ប្រចាំតំបន់អាសីុប៉ាសីុហ្វិក និងតំណាងស្ថានទូតអូស្រ្តាលី ដែលជាប្រទេសផ្តល់ជំនួយ។

ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ផងដែរថា «ប្រទេសកម្ពុជា ការបង្រ្កាបគ្រឿងញៀនមានការកើនឡើង តែបរិមាណគ្រឿងញៀនរឹបអូសបាន​ពីជនល្មើសមានចំនួន​ថយចុះ ដែលនេះបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តការងារ»

សូមជម្រាបថា សន្និសិទខាងលើនេះ ធ្វើឡើងក្នុងគោលបំនងពិភាក្សា និងត្រួតពិនិត្យលើឯកសារចំនួនពីរ សម្រាប់អនុវត្តនៅក្នុងប្រទេសសមាជិក  MOU មហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ១.យន្តការអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀន ក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ, ២.នីតិវិធីប្រតិបតិ្តការគម្រូ សម្រាប់ប្រតិបតិ្តការពហុវិស័យមហាអនុតំបន់ទន្លេមេគង្គស្តីពី ឧក្រឹដ្ឋកម្មគ្រឿងញៀន​ខុសច្បាប់ ដែលការផលិត ការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនទាំងនៅក្នុងតំបន់ និងសកលលោក នៅតែមានការកើនឡើង ជាពិសេសការចរាចរណ៍​គ្រឿងញៀនឆ្លងកាត់​តាមដងទន្លេមេគង្គ ដែលមានប្រភពពីតំបន់ត្រីកោណមាស នាំមកចែកចាយជូញដូរ និងប្រើប្រាស់នៅប្រទេសក្នុងតំបន់ និងនាំទៅកាន់ប្រទេសមួយចំនួនលើសកលលោក។