(កណ្ដាល)៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ បានរួមដៃគ្នាចេញដង្ហែក្បួនឃោសនា នៅទូទាំងប្រទេស។
ក្នុងនោះគេសង្កេតឃើញពីឱឡារឹកភាពរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានដង្ហែក្បួនយ៉ាងផុសផុល ល្បីកក្រើកទូទាំងខេត្តកណ្ដាល ជាមួយនឹងស្នូរសម្លេងឃោសនស័ព្ទយ៉ាងមុតស្រួច បង្ហាញពីភាពអង់អាចក្លាហាន និងភាពច្បាស់លាស់ នៃគណបក្សប្រជាជនកម្ពុជា។
ការដង្ហែក្បួនដ៏ល្បីកក្រើកនេះ បានអង្រួនចិត្តពលរដ្ឋឲ្យរឹតតែជឿទុកចិត្តពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ខណៈដែលពិធីដង្ហែគ្រប់ទីតាំង ត្រូវបានរៀបចំយ៉ាងអធិកធមដោយផ្ដើមពីការជួបជុំប្រារព្ធមីទ្ទេញអបអរសាទរខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការជាផ្លូវការក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំតាមតំបន់នីមួយៗ។
ផ្ដើមដំបូងពីការជួបជុំនៅក្រុងតាខ្មៅ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ៦ពាន់នាក់ រួចមកបានដង្ហែចេញទៅតាមបណ្ដាសង្កាត់ទាំងអស់ដែលមានសមាជិក សមាជិកា សរុបទាំងអស់ហែរហមជាក្បួន មានទាំងការប្រគុំតន្ត្រី ការស្រែកហ៊ោរកញ្រ្ជាវ សប្បាយរីករាយ ស្រែកជ័យឃោស ជាមួយនឹងស្នាមញញឹមរាក់ទាក់ពីពលរដ្ឋឈរអមសងខាងផ្លូវចាំទទួលស្វាគមន៍ ដែលមើលទៅហាក់មានអស្ចារ្យខ្លាំងណាស់។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា ទូទាំងប្រទេស ក្នុងនោះដែរ ខេត្តកណ្ដាលតហរូវបានកត់សំគាល់ថាមានភាពលេចធ្លោផងដែរ ពិសេសក្រុងតាខ្មៅល្បីកក្រើកជាងគេដែលពិធីដង្ហែរដឹកនាំលិកបណ្ឌិតម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល៕