(ម៉ាឡេស៊ី)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចូលរួមសន្និសីទ «Aseanapol» លើកទី៣៦ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលបានធ្វើជាផ្លូវការ នៅព្រឹកថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយផ្ដោតសំខាន់ទៅលើ អំពើភេរវកម្ម និងការជួញដូរមនុស្ស។
ក្នុងសន្និសីទនេះដែរ មានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ប្រមាណ១៦០នាក់ ដែលមកពីបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាសន្ដិសុខ។ នេះបើយោងតាម ការចេញផ្សាយ តាមគេហទំព័រផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ។
លោក ណាជីប សារ៉ាក់ នាយករដ្ឋមន្ដ្រីនៃម៉ាឡេស៊ី បានថ្លែងក្នុងសន្និសីទនេះថា អំពើភេរវកម្ម កំពុងតែគម្រាមកំហែងពិភពលោកកាន់តែខ្លាំងហើយ និងទាមទារឲ្យមានការសហការគ្នាជារួម ពីសំណាក់ កងកម្លាំង នគរបាលនៅក្នុងតំបន់ និងនៅក្នុងពិភពលោកទាំងមូល។
សន្និសីទនេះនឹងត្រូវបានបញ្ចប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ហើយក្រៅពីការចូលរួមពីនគរបាលអាស៊ានទាំង១០ប្រទេសនេះ ក៏មានការចូលរួមពីប្រទេសដៃគូពិភាក្សា ៧ប្រទេសបន្ថែម ទៀត រួមជាមួយ អគ្គលេខាដ្ឋានអាស៊ាន និងនគរបាលអន្តរជាតិ ព្រមទាំងមានអង្កេតការណ៍មកពី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស ភ្នាក់ងារជាតិនៃឧក្រិដ្ឋកម្ម ចក្រភពអង់គ្លេស អង្គការអាស៊ានវែន អ៊ឺរ៉ូប៉ូល និងកាកបាទក្រហមអន្តរជាតិផងដែរ៕