(បន្ទាយមានជ័យ​)៖​ នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា​ ឆ្នាំ២០២៣​ លោក សេរី​ កុសល​ អនុប្រធានក្រុមការងារថ្នាក់កណ្តាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​ នៅស្រុកភ្នំស្រុក ដោយមានការចូលរួមពីសំណាក់​ អនុប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក​ និងសមាជិក​-សមាជិកស្រុក-ឃុំ​-ភូមិ ប្រមាណជាង ៣០០០នាក់។

ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះដែរ​ លោក​ សេរី កុសល បានលើកពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលសម្រេចបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា​ ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបាននឹងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

លោក​បន្តថា​ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទីជាគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខសាន្តក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នេះជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ដែលគណបក្សប្រជាជនបានកសាងឡើងក្នុងស្មារតីនៃភាពជាម្ចាស់ ដោយឆន្ទៈឯកភាព និងប្តូរផ្តាច់ នៅក្នុងដំណើរដ៏បត់បែនរបស់ប្រជាជាតិយើងរយៈពេលជាងប្រាំសតវត្សរ៍ចុងក្រោយនេះ។

លោក​បញ្ជាក់​ទៀតថា​ ឈរលើមូលដ្ឋានសច្ចធម៌នេះ ប្រជាជនកម្ពុជាបានយល់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងដឹកនាំប្រទេសជាតិដែលពុំអាចខ្វះបាន ទាំងពេលបច្ចុប្បន្ន ក៏ដូចតទៅមុខយូរអង្វែង ហើយបានផ្ដល់យុត្តិធម៌ដល់គណបក្សតាមរយៈការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ទាំងការបោះឆ្នោតថ្នាក់ជាតិ ក៏ដូចថ្នាក់ក្រោមជាតិ និងការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស។

ដូច្នេះដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន លោក​ សេរី កុសល បានអំពាវនាវដល់សមាជិក-សមាជិកា និងប្រជានជនកម្ពុជាទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ពិសេសគាំទ្របេក្ខភាព លោក បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕