(កំពង់ធំ)៖ លោក វ៉ាត់ ចំរើន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាំងគោក និងជាប្រធានក្រុមការងារជួយឃុំស្វាយភ្លើង និងឃុំច្រនាង ខេត្តកំពង់ធំ នៅល្ងាចថ្ងៃអាទិត្យនេះ បានជួបជាមួយលោក ហួរ សារ៉ាត់ ដែលជាអតីតសកម្មជនគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាការងារមួយចំនួន ក្នុងយុទ្ធនាការឃោសនាជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ពិសេសលោក ហួរ សារ៉ាត់ បានប្ដេជ្ញាសហការជាមួយក្រុមការងារ ដើម្បីអូសទាញសកម្មជនសេសសល់ក្នុងភូមិត្រពាំងសង្កែ ឲ្យចូលរួមជីវភាព និងគាំទ្រគណបក្សប្រជាជនកម្ពុជាដូចរូបលោកដែរ ។
លោក ហួរ សារ៉ាត់ មានទីកន្លែងកំណើតនៅភូមិត្រពាំងសង្កែ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញការស្វាគមន៍ និងអនុញ្ញាតឲ្យលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក ហួរ សារ៉ាត់ បានគោរពស្នើសុំសម្ដេចតេជោ ដើម្បីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយលោកអស់ជំនឿលើគណបក្សប្រឆាំង ហើយថែមទាំងបានបកអាក្រាតអំពីអាក្រក់របស់មេដឹកនាំក្រុមប្រឆាំង កាលពីចុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ។
ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំស្វាយភ្លើង និងជាទីកន្លែងគំណើតរបស់អតីតសកម្មជនបក្សប្រឆាំងខាងលើ លោក វ៉ាត់ ចំរើន បានសម្ដែងការស្វាគមន៍ និងអរគុណចំពោះលោក ហួរ សារ៉ាត់ សម្រាប់កិច្ចសហការជាមួយក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីស្វែងរកការគាំទ្របន្ថែមពីសមាជិក ក៏ដូចជាសកម្មជនក្នុងភូមិ ជាពិសេសដើម្បីជួយពង្រឹងនូវចលនាគណបក្សប្រជាជនកម្ពុជាក្នុងភូមិ-ឃុំ ឲ្យកាន់តែរឹងមាំថែមទៀត ។
ការលើកឡើងនេះ បន្ទាប់ពីលោក ហួរ សារ៉ាត់ បានសម្ដែងនូវការសប្បាយរីករាយ ដែលបានធ្វើការជាមួយក្រុមការងារចុះឈ្មោះឃុំស្វាយភ្លើង ។ លោក វ៉ាត់ ចំរើន បន្ដថា «លោក ហួរ សារ៉ាត់ បានបង្ហាញការសប្បាយរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារចុះជួយឃុំស្វាយភ្លើង ហើយខ្ញុំបានអរគុណគាត់ ហើយសង្ឃឹមថា កិច្ចសហការនេះ នឹងទទួលបានផ្លែផ្កាកាន់តែល្អប្រសើរ និងមានការទាក់ទាញបន្ថែម ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ» ។
«ម្យ៉ាងទៀត យើងក៏ត្រៀមរៀបចំវេទិការជួបជុំជាមួយគ្នាមួយ នៅភូមិត្រពាំងសង្កែ ឃុំស្វាយភ្លើង ដែលជាស្រុកកំណើតរបស់គាត់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងការសំណេះសំណាល និងឃោសនារកសម្លេងឆ្នោត ក៏ដូចជាបង្រៀនគូសសន្លឹកឆ្នោតនៅសប្ដាហ៍ក្រោយ ។ ក្នុងនោះលោក ហួរ សារ៉ាត់ ក៏នឹងចូលរួមថ្លែងទៅកាន់សកម្មជននៅសេសសល់ទាំងអស់ នៅក្នុងភូមិត្រពាំងសង្កែ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចគាត់ផងដែរ» ។ លោក វ៉ាត់ ចំរើន បន្ថែម ។
សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក ហួរ សារ៉ាត់ និងសកម្មជនរបស់ខ្លួន នៅភូមិត្រពាំងសង្កែ ឃុំស្វាយភ្លើង ក៏បានទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះផងដែរ ដើម្បីបង្ហាញពីការគាំទ្រពេញទំហឹង សម្រាប់គណបក្សប្រជនជនកម្ពុជា នាអាណត្ដិថ្មី និងទៅថ្ងៃអនាគត ៕