(កំពង់ឆ្នាំង)៖ ក្នុងខេត្តកំពង់ឆ្នាំង ការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃដំបូង នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣​ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរៀបចំក្បួនដង្ហែដ៏ធំនៅទូទាំងខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមដង្ហែក្បួនរហូតរាប់ម៉ឺននាក់។

នេះក៏ជាមោទនភាពមួយយ៉ាងក្រៃលែងសម្រាប់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងផលផុសក្នុងការចូលរួមដង្ហែក្បួនឃោសនា ដែលប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពសប្បាយរីករាយ និងមានភក្តីភាពស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ពីសំណាក់សមាជិកសមាជិកាដែលបានចូលរួមដង្ហែក្បួនដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តទាំងមូលផងដែរ។

លោកស្រី នួន ចាន់នី ប្រធានការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅក្នុងខេត្តកំពង់ឆ្នាំងមានគណបក្សនយោបាយចំនួន១៤ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ ដែលបានចុះឈ្មោះចូលរួមឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាមួយនឹងគណៈកម្មការជាតិរៀបចំការបោះឆ្នោត។

រីឯការស្នើសុំដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូងគឺថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ គឺមានតែគណបក្សតែមួយគត់ដែលបានដាក់ពាក្យស្នើ សុំដង្ហែក្បួនឃោសនា គឺគណបក្សប្រជាជនកម្ពុជា។ ដោយឡែកគណបក្ស១៣ទៀតមកទល់នឹងថ្ងៃនេះ គឺពុំទាន់មានការស្នើសុំណាមួយ ដើម្បីដង្ហែរក្បួនឃោសនានៅឡើយនោះទេ។ ចំណែកនៅថ្ងៃទី០២ ខែកក្កដានេះដែរ គ្រប់គណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ ក៏ពុំទាន់មានការដាក់លិខិតស្នើសុំដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំណាមួយនៅឡើយនោះដែរ។ ប្រហែលជាគ្រប់គណបក្សនយោបាយគឺគ្រាន់តែដើរចែកខិតប័ណ្ណតាមផ្ទះ ឬក៏ចាក់មេក្រូឃោសនាតាមភូមិបន្តិចបន្តួចតែប៉ុណ្ណោះ៕