(រតនគិរី)៖ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូប។

លោក ញ៉ែម សំអឿន បានលើកឡើងថា គិតចាប់ពីថ្ងៃទី១៦ មិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ សរុបកម្មករក្នុងក្រុមហ៊ុន ថាកូ (ចំការចេក) ដែលបានបាត់បង់ជីវិត មានចំនួន០៩នាក់ហើយ ដូច្នេះលោកស្នើឲ្យមន្ទីរជំនាញពាក់ព័ន្ធរាយការណ៍ពីករណីនេះថាតើមកពីមូលហេតុអ្វីឲ្យពិតប្រាក?

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានករណីកម្មករនៅក្រុមហ៊ុនខាងលើស្លាប់ជាបន្តបន្ទាប់ភ្លាម, មន្ទីរបានបានចាត់ក្រុមការងារជំនាញចុះស្រាវជ្រាវករណីនេះភ្លាមផងដែរ ដោយលទ្ធផលបានបង្ហាញថា មុនពេលស្លាប់អ្នកជំងឺដែលមកទទួលសេវានៅមណ្ឌលសុខភាពស្រែអង្គ្រង ស្ថិតក្នុងស្រុកកូនមុំ គឺមានសភាពធ្ងន់ធ្ងរដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយ ជួនកាលស្ទើគ្មានសញ្ញាជីវិត ហើយតាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កំលាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បណ្តាលឲ្យអ្នកជំងឺស្លាប់។

លោកវេជ្ជបណ្ឌិតបន្តថាតាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលសារធាតុគីមី (ថ្នាំបាញ់ស្មៅ និងថ្នាំបាញ់សម្លាប់សត្វល្អិត) រួមផ្សំនឹងការរស់នៅមិនមានអនាម័យស្អាតផងដែរ។

លោកញ៉ែម សំអឿន អភិបាលខេត្ត ជំរុញឲ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវករណីនេះបន្តទៀត ពិសេសមន្ទីរត្រូវយកសំណាកវិភាគទៅធ្វើការវិភាគនៅរាជធានីភ្នំពេញ ដើម្បីបានលទ្ធផលមួយជាក់លាក់ពីករណីនេះ៕