(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានផ្សព្វផ្សាយពីសច្ចធម៌ប្រវត្តិសាស្ត្រ និងគោលនយោបាយកសាងជាតិរបស់គណបក្សប្រជាជនទៅកាន់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស។
ការផ្សព្វផ្សាយរបស់សម្តេចកិត្តិសង្គហបណ្ឌិត ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយសមាជិកបក្សក្រុងបាវិតចំនួន ៧០០នាក់ ក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើស ជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៧ នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។
លើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត។ នៅក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ៕