(សៀមរាប)៖ និស្សិតមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឆ្នាំទី៤ ជំនាន់ទី២៨ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន៨៣នាក់ បានចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅអាជ្ញាធរជាតិអប្សរា ក្រោមប្រធានបទសិក្សាស្រាវជ្រាវពីកត្តាបរិស្ថាន និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដំណើរការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។
ទស្សនកិច្ចនេះធ្វើឡើងនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសនោះ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី-បុគ្គលិកជំនាញមួយចំនួននៃអាជ្ញាធរជាតិអប្សរា ជាស្ថាប័នអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់និស្សិតយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញដល់និស្សិតទាំង៨៣នាក់ បានសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងកិច្ចការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌ក្នុងតំបន់អង្គរ៕