(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បន្តជួបសំណេះសំណាល និងដឹកនាំសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងរយៈពេល៤៤ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ចការជាច្រើន ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយក៏មិនល្អឥតខ្ចោះដែរ។ ប៉ុន្តែរាល់ដំណើរឆ្លងកាត់វិបត្តិពីមួយដំណាក់កាលទៅមួយដំណាក់កាល គណបក្សប្រជាជនតែងបង្ហាញភាពច្បាស់លាស់ តាមរយៈការនៅអមដំណើរជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ការយកចិត្តទុកដាក់លើជីវភាពបងប្អូន ជាពិសេសកម្មករ កម្មការនី និងគិតគូពីផលប្រយោជន៍ប្រជាពលរដ្ឋជានិច្ច ដែលមានលោកយាយ លោកតា បងប្អូន គឺជាសាក្សីរស់។
លោកបានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង ដោយការពារអ្វីដែលខ្លួនឯងកំពុងមាន។ ទន្ទឹមនឹងនេះ គឺធានាដល់ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មក្នុងការបម្រើ និងការពារផលប្រយោជន៍ជូនជាតិ និងប្រជាជន។
លោក ហ៊ុន ម៉ានី ក៏បានអំពាវដល់សមាជិក សមាជិកាទាំងអស់ បន្តផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ទាំងអស់គ្នា ដើម្បីធានាការពារអត្ថប្រយោជន៍ដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និងធានាថាបង្កើនអត្ថប្រយោជន៍ដល់សមាជិក សមាជិកាបក្ស ក៏ដូចជាប្រទេសជាតិទាំងមូល៕