(កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
បេក្ខជនតំណាងរាស្រ្ត លោក ប៉ាន សូរស័ក្តិ ថ្លែងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ ដែលសម្ពោធដាក់ ឱ្យប្រើប្រាស់នៅពេលនេះ បង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។
លោកបន្តថា អស់រយៈពេលជាង ៤៤ឆ្នាំកន្លងទៅ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយ ប្រជាជន និងបានប្រែក្លាយកម្ពុជាពីរបបវាលពិឃាត ទៅជាទឹក ដីដ៏ស្រស់បំព្រង ដែលប្រជាជន បានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី ដើម្បីកសាង និងការពារ មាតុភូមិរបស់ខ្លួន។
លោក ប៉ាន សូរស័ក្តិ បន្តថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានការពារ យ៉ាងរឹងមាំនូវសន្តិភាព ដោយសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើង អគ្គិសនី ប្រព័ន្ធព័ត៌មាន រោង ចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរ ពេទ្យ វត្តអារាម។ល។ ទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ ព្រំដែន។ លើសពីនេះ កម្ពុជាក៏ទទួលបាននូវកិត្យានុភាពកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ ជាពិសេសតាម រយៈជោគជ័យនៃការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា, ការរៀបចំអង្គរសង្ក្រាន្ត, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២, ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងស្មារតីមនុស្សធម៌ដ៏ធំធេង បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា កាន់តែលេចត្រដែតឡើង ដែលនេះជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកប ដោយក្តីសង្ឃឹមជឿជាក់ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង តាមរយៈការ ចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា ដើម្បីឧត្តម ប្រយោជន៍ នៃប្រទេសជាតិប្រកប ដោយមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម។
លោក បន្ថែមថា «សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ហេតុនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាថែរក្សា រាល់ សមិទ្ធផល ទាំងនេះឱ្យបានគង់វង្សជារៀងដរាប ព្រមទាំងបន្តកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ឱ្យដឹកនាំប្រទេសជាតិសម្រាប់ នីតិកាលទី៧ ជាបន្តទៀត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយត្រូវគូសឱ្យចំគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹក ឆ្នោត»។
មុននឹងបញ្ចប់ការថ្លែងសុន្ទរកថាក្នុងពិធីនោះ បេក្ខជនតំណាង រាស្រ្ត ក្នុងខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង ៧ចំណុច និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៧ចំណុច ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានប្រកាសឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ៕