(ភ្នំពេញ)៖ មន្រ្តីសមាគមអាដហុកប្រចាំខេត្តព្រៃវែង លោក អ៊ាង គឹមលី បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី ដែលផ្តល់តម្រុយដោយ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា នៅក្នុងការចោទសួរនោះ ចៅក្រមបានស្តាប់ចម្លើយរបស់គាត់ដែលពាក់ព័ន្ធទៅនឹងការចោទប្រកាន់លើមន្រ្តីអាដហុក៤នាក់ នាពេលកន្លងទៅ។
លោកថា «ចៅក្រមបានស្តាប់ចម្លើយគាត់ ក្នុងឋានៈជាសាក្សីនិងបានសាកសួរនូវរឿងហេតុ ដែលពាក់ពន្ធ័ទៅនឹងការចោទប្រកាន់លើ មន្រ្តីអាដហុកទាំង ៤រូប ពីបទសូកប៉ាន់សាក្សី»។
កាលពីពេលថ្មីៗនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅមន្រ្តីសមាគមអាដហុកប្រចាំខេត្តព្រៃវែង ឈ្មោះ អ៊ាង គឹមលី ដើម្បីទៅផ្តល់ចម្លើយក្នុងនាមជាសាក្សី ក្នុងរឿងសូកប៉ាន់សាក្សី ដែលកើតចេញពីរឿងអាស្រូវផ្លូវភេទរវាង លោក កឹម សុខា និង ស្រីមុំ។ សំណុំរឿងនេះមានមន្រ្តីអាដហុក៤នាក់ និងមន្រ្តីគ.ជ.បម្នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួន។
សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធធនាគារព្រៃស ពាក់ព័ន្ធនឹងបទល្មើសស៊កប៉ាន់សាក្សី និងសមគំនិតស៊កប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយ៕
ការឃុំខ្លួនមន្រ្តីទាំងអស់នេះបានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង ៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់ កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕