(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្រ្ត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ៤ពាន់នាក់ ហែរក្បួនឃោសនាស្វែងរកសំឡេងឆ្នោត នៅក្នុងមូលដ្ឋានស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងនូវការអរគុណ ដឹងគុណ ចំពោះប្រជាពលរដ្ឋទាំងអស់នៅស្រុកថ្មពួក ដែលបានផ្តល់យុត្តិធម៌ គាំទ្រ គោលនយោបាយដឹកនាំរបស់គណបក្សនិងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសូមអំពាវនាវដល់ជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តមានសន្តិភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនបានកាន់តែឆាប់រហ័ស។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕