(ភ្នំពេញ)៖ «យើងនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បោះជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ គឺបោះឆ្នោតឱ្យខ្លួនឯង ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ មានឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ»។ នេះជាការអំពាវនាវរបស់ លោក ណុប រ័ត្ននិមល សមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង។

ថ្លែងពេលតំណាងលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក កណ្តាលស្ទឹង ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកឃុំភូមិ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ លោក ណុប រ័ត្ននិមល បានលើកឡើងថា សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ គឺដើម្បីបង្ហាញនូវស្មារតីមោះមុត, បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

លោកបន្តថា ក្នុងនាមជាសកម្មជនយុវជនបក្ស, យើងម្នាក់ៗមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិមាតុភូមិ។ នៅក្នុងនាមជាអ្នកដឹកនាំសកម្មជនយុវជនបក្ស យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទីក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

លោក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក, ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្សត្រូវបានបង្កើតឡើងមកម្ល៉េះ។ ក្នុងន័យនេះ សកម្មជនយុវជនបក្សត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈភារកិច្ចសំខាន់គឺ ថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង, ខិតខំប្រឹងប្រែងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង រៀបចំមូលដ្ឋានឱ្យបានកាន់តែរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យយុវជនជំនាន់ក្រោយ៕