(ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ លោក ឃ្លាំង ហួត សមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអនុប្រធានទី១ នៃក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ បានចុះពន្យល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ពីគោលនយោបាយ នៃគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ និងអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
នៅចំពោះមុខប្រជាពលរដ្ឋ តាមផ្ទះនីមួយៗ លោក ឃ្លាំង ហួត ក៏បានរំលឹកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។
លោកបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ហើយការចូលជាសមាជិកបក្សប្រជាជន មិនមែនដើម្បីទទួលបានអំណាចនោះទេ តែដើម្បីធ្វើជាមែកធាងផ្តល់ជាម្លក់ដ៏ត្រជាក់សម្រាប់ការ ជ្រករបស់ប្រជាជន និងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាលំដាប់។
លោកថ្លែងថា «ប្រទេសមានសន្តិភាព យើងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នារក្សាសន្តិភាពឲ្យបានគង់វង់»។
លោក ឃ្លាំង ហួត ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីគោលនយោបាយរបស់ប្រជាជន គណបក្សប្រជាជនកម្ពុជា នឹងអនុវត្តកម្មវិធី គោលនយោបាយជាអាទិភាព ដូចខាងក្រោម៖
* កម្មវិធីទី១៖ ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពី៖ (១) ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ ប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាល និង(២) ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រី សាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ នឹង អ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាម គោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធភាពទទួល បាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។
* កម្មវិធីទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណ ជាង ១,៥លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវ ប្រាក់ឧបត្ថម្ភប្រចាំខែ។
* កម្មវិធីទី៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយ សង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមាន វិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូន ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យទៅតាមស្ថានភាពជាក់ស្តែង នៃវិបត្ដិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្ដប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។
* កម្មវិធីទី៤៖ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅ ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការតាមរយៈ (១) ការផ្តល់នូវការ គាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការ ធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់នូវការបណ្ដុះ- បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុនសហ គ្រាសធុនមីក្រូ, តូច និងមធ្យម និង (២) ការផ្ដល់ការគាំពារ សង្គម ដល់បុគ្គលស្វ័យនិយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតការយកចិត្តទុកដាក់ជាបឋមលើការផ្តល់សេវា ថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល៕