(ក្រចេះ​)៖​ លោក​ ថោ សេដ្ឋាណា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២៣​ បានដឹកនាំសមាជិក​ សមាជិកា​ ៤,៥៥០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុកសំបូរ នាឱកាសនោះ ក៏មានការចូលរួមអមដំណើរដោយលោកស្រី​ ត្រឹង ថាវី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងលោក អ៊ឹម ចាន់ថុល បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកសំបូរ និងសមាជិក សមាជិកា ជាច្រេីនរូប។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕