(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ប្រទេសកម្ពុជា បានទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសបញ្ជរតែមួយអាស៊ាន លើកទី៣៦។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសបញ្ជរតែមួយអាស៊ានលើកទី៣៦ បានធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីមកពីបណ្តាប្រទេសសមាជិកអាស៊ានជាច្រើនរូប។
យោងតាមមន្រ្តីបានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា ពិនិត្យ និងតាមដានវឌ្ឍនភាពលើការងារបច្ចេកទេស នៃការអនុវត្តការងារពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ានមានដូចជា៖ លទ្ធផល នៃកិច្ចប្រជុំអាស៊ាន និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការងាររបស់ក្រុមការងារបច្ចេកទេសបញ្ជរតែមួយអាស៊ាន, បន្តសកម្មភាពការងារពីកិច្ចប្រជុំក្រុមការងារបច្ចេកទេសបញ្ជរតែមួយអាស៊ានលើកទី៣៥, គម្រោងសាកល្បងប្រព័ន្ធបញ្ជរតែមួយអាស៊ាន និងបញ្ហាផ្សេងៗ។
សូមបញ្ជាក់ថា បញ្ជរតែមួយ ជាសមាសធាតុមួយក្នុងចំណោមសមាសធាតុផ្សេងៗទៀត នៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ដែលកិច្ចការនេះ គណៈកម្មាធិការដឹកនាំគម្រោង និងក្រុមការងារជំនាញមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធកំពុងសិក្សាកសាង។
ទន្ទឹមនឹងដំណើរការនៃការរៀបចំកសាងប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធស្វ័យប្រវត្តិទិន្នន័យគយ អាស៊ីគូដា នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានដាក់ឲ្យអនុវត្តនៅនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករទាំងអស់សរុបចំនួន៦០ ការិយាល័យគយនិងរដ្ឋាករដែលគ្របដណ្តប់ប្រមាណជា ៩៩.៩៩% នៃប្រតិវេទន៍គយសរុប និងប្រមាណជា ៩៩.៩៩% នៃទំហំពាណិជ្ជកម្មនាំចេញ នាំចូលសរុបទូទាំងប្រទេស។ ក្រុមការងារគម្រោងជាតិអាស៊ីគូដាបាន និងកំពុងដំណើរការកែសម្រួល កែលម្អបន្ថែមទៀតដល់អ្នកប្រើប្រាស់ដោយបានដាក់ឲ្យអនុវត្ត និងកំពុងកសាងមុខងារថ្មីៗនៃប្រព័ន្ធបន្ថែមទៀត។
ដោយឡែកប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញបនបត្រដើមកំណើតទំនិញ ក៏ត្រូវបានអភិវឌ្ឍដោយក្រសួងពាណិជ្ជកម្ម នឹងកំពុងដាក់ឲ្យដំណើរការផងដែរ។ ជំហានបន្ទាប់ ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ នឹងបន្តពិនិត្យសិក្សាលើលទ្ធភាពបច្ចេកទេស និងលិខិតបទដ្ឋានគាំទ្រនានា សម្រាប់ការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញា បនបត្រដើមកំណើតទំនិញ ព្រមទាំងឈានទៅតភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយអាស៊ាន៕