(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីអាជ្ញាធរបានឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ មានមនុស្ស៨នាក់បានស្លាប់ (ស្រី៣, ប្រុស៥) ក្នុងករណីអគ្គិភ័យឆេះក្លឹបកំសាន្ត ​«6969 ឃីស អ៉ីនធើធេនមេន ឯ.ក» ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងចំណោម៨នាក់នោះ មានជនជាតិចិន៦នាក់ (ប្រុស៥នាក់ ស្រី១នាក់) និងជនជាតិវៀតណាម២នាក់ (ប្រុសកែភេទជាស្រី)។

សូមជំរាបថា អគ្គិភ័យឆេះក្លឹបកម្សាន្ដខាងលើនេះ កើតហេតុតាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេបានឃើញ អណ្ដាតភ្លើងឆាបឆេះយ៉ាងខ្មួលខ្មាញ់ពីជាន់ខាងលើ ហើយភ្លាមៗនោះនគរបាលក៏បានចេញរថយន្តទៅអន្តរាគមន៍ ភ្លាមៗផងដែរ ប៉ុន្តែ ដោយសារទីតាំងអគារខ្ពស់ ហើយពុំអាចទប់ស្កាត់បាន ជាហេតុបណ្តាលឱ្យមនុស្សជាប់គាំងនៅក្នុងនោះអគាររហូតបាត់បង់ជីវិត៕