Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនា​តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ និងក្រុមហ៊ុនមួយចំនួន ក្នុងទីក្រុង​ប៉េកាំង​

26-07-2016 17:31

(ចិន)៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ជាថ្ងៃទី២ហើយនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅសាធារណរដ្ឋប្រជាមានិតចិន។

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃទី២នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាក្រកម្ពុជា ដឹកនាំដោយ សម្តេពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅសាធារណរដ្ឋប្រជាមានិតចិននោះ គណៈប្រតិភូបានអញ្ជើញ ទស្សនាតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត និងក្រុមហ៊ុនមួយចំនួន នៅក្នុងក្រុងប៉េកំាង ដូចជាប្រាសាទឋានសួរគ៌ និងក្រុមហ៊ុន ZTE ជាដើម។

ប្រាសាទឋានសួរគ៌ ជាប្រាសាទបុរាណដ៏ល្បីល្បាញរបស់ចិន កសាងឡើងនៅចន្លោះឆ្នាំ១៤០៦ ដល់ឆ្នាំ១៤២០ ហើយនៅឆ្នាំ១៩៩៨ ប្រាសាទនេះ ត្រូវបានដាក់បញ្ចូលជាតំបន់ បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។

នៅក្នុងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីទស្សនាតំបន់ទេសចរណ៍ និងក្រុមហ៊ុនZTE នៅក្នុងទីក្រុងប៉េកំាងហើយ នៅពេលរសៀល គណៈប្រតិភូបន្តកិច្ចប្រជុំទ្វេភាគីរវាង លោក Chen Guoming អគ្គលេខាធិការរង នៃសភាតំណាងប្រជាជនចិន ទូទំាងប្រទេសជាមួយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា។

បន្ទាប់មកទៀត គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន នឹងចូលជួបសម្តែងការគួរសមជាមួយ លោក លី យៀនឆាវ (Li Yuanchao) អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមរម្លឹកថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត៕