(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខេត្តកំពង់ឆ្នាំង នាឱកាសនោះ មានការអញ្ជើញចូលរួមអមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោកស្រី សុខ នារី គុយ សុផល ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សក្រុងកំពង់ឆ្នាំង ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយក្រុងកំពង់ឆ្នាំង និងសមាជិក សមាជិកា ប្រមាណជាង ៣០ ០០០នាក់។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចាប់ផ្តើមធ្វើឡើងរយៈពេល២១ថ្ងៃ ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១កក្កដា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងប្រារព្វធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម ក្នុងនោះគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀង១៨ ក្នុងសន្លឹកឆ្នោត៕