(កំពង់ស្ពឺ)៖ ប្រធាន អនុប្រធាន និងសមាជិក សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ គណៈកម្មាធិការគណបក្សសង្កាត់ និងសមាជិក សមាជិកាសាខាបក្សភូមិទាំង១៨ នៃសង្កាត់ព្រះស្រែ សរុបចំនួនជាង ២០០នាក់ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅគណបក្សប្រជាជនកម្ពុជា ក្រុងឧដុង្គម៉ែជ័យ នៅថ្ងៃដំបូង។
សមាជិក សមាជិកាទាំងអស់បានស្តាប់សុន្ទរកថាបើករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់ក្នុងនាមជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ ក្រោយពីសុន្ទរកថាបានបញ្ចប់សមាជិក សមាជិកាទាំងអស់បានបន្តដង្ហែរក្បួនចូលទៅកាន់ភូមិទាំង ១៨ នៃសង្កាត់ព្រះស្រែ។
ក្នុងពេលក្បួនដង្ហែរបានចូលទៅកាន់ភូមិនីមួយៗ បានទទួលការស្វាគមន៍ពីសមាជិក សមាជិកានៅតាមខ្នងផ្ទះ តាមរយៈការផ្តល់កាយវិការអំណរសាទរប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាមួយគ្នា។
ក្នុងឱកាសនេះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត។
សូមបញ្ជាក់ថា នៅក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា កំពុងផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការពារ និងកសាងមាតុភូមិឆ្នាំ២០២៣-២០២៨ រួមនឹងសមិទ្ធផលសំខាន់ៗជាច្រើនដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋានទូទាំងប្រទេស៕