(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួនជាង ៣,០០០នាក់ បើកយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខណ្ឌឫស្សីកែវ។

សមាជិក សមាជិកាដែលពាក់អាវ និងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា អមដោយទង់ជាតិកម្ពុជា និងទង់បក្សប្រជាជនកម្ពុជា មានទឹកមុខសប្បាយរីករាយ ពេញចិត្ត និងពោរពេញដោយជំនឿទុកចិត្ត និងក្តីសង្ឃឹមចំពោះអនាគតរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សមាជិកទាំងអស់ បានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការពារ និងកសាងមាតុភូមិឆ្នាំ២០២៣-២០២៨ និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលបក្សសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា។

សមាជិក សមាជិកាទាំងអស់ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕