(ភ្នំពេញ)៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុបបានរួមដៃគ្នាចេញដង្ហែក្បួនឃោសនានៅទូទាំងប្រទេស។

សម្រាប់នៅរាជធានីភ្នំពេញ ត្រូវបានរៀបចំយ៉ាងអធិកធម៌នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយផ្ដើមពីការជួបជុំប្រារព្ធមីទ្ទេញអបអរសាទរខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការជាផ្លូវការ នៅមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ផ្ដើមដំបូងពីការជួបជុំនៅកោះពេជ្រ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៧ម៉ឺននាក់ រួចមកបានដង្ហែចេញទៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមានសមាជិក សមាជិកាសរុបទាំងអស់ប្រមាណជិត២០ម៉ឺននាក់ ក្នុងនោះ ក្បួនដែលមានអ្នកចូលរួមច្រើនជាងគេ ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ឃួង ស្រេង។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕