(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បាន ឲ្យដឹងថា ការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ជាកិច្ចការសំខាន់បំផុតសម្រាប់ការរៀបចំ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧។ លោក ស៊ិក ប៊ុនហុក បន្តថា ការបោះឆ្នោតល្អ ឫមិនល្អ គឺផ្តើមចេញពីការរៀបចំបញ្ជីឈ្មោះបោះឆ្នោត បើបញ្ជីឈ្មោះបោះឆ្នោត រៀបចំបានល្អ នោះការបោះឆ្នោត នឹងទទួលបានជោគជ័យ៦០ទៅ ៧០ភាគរយ។
លោក ស៊ិក ប៊ុនហុក បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត(លធ.ខប)តំណាងគណបក្សនយោបាយ និង អង្គការមិនមែនរដ្ឋាភិបាល ស្តីពីការចុះឈ្មោះ ដើម្បីរៀបចំការបោះឆ្នោតថ្មី ឆ្នាំ២០១៦ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដើម្បីឲ្យការរៀបចំការបោះឆ្នោត ទទួលបានលទ្ធផលល្អ មន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវគោរពលើការណែនាំមួយចំនួនដូចជា សាមគ្គីភាពផ្ទៃក្នុង លធ.ខប, ចូលរួមសហការជាមួយអាជ្ញាធរ, ការងារបណ្តុះបណ្តាល,ការងារអប់រំអ្នកបោះឆ្នោត, ការទទួលខុសត្រូវ, ការផ្សព្វផ្សាយដំណឹង ជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត, ការរៀបចំគម្រោងសម្ភារៈ នៅលធ.ខបជាដើម។
ប្រធាន គ.ជ.ប ដដែលបានសំណូមពរ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យជួយផ្សព្វផ្សាយ ព័ត៌មានទាក់ទងនឹងការចុះបញ្ជីឈ្មោះបោះឆ្នោត និងបំផុសឲ្យមន្រ្តីរាជការក្រោមឱវាទប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យ បានទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ៕