(កណ្តាល)៖ លោក សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជាប្រចាំឃុំស្អាងភ្នំ ចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកស្អាង ដែលបានប្រព្រឹត្តិទៅនៅវត្ដព្រែកអំបិល ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្ដកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង។

ពិធីនេះមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជានកម្ពុជា នៃឃុំចំនួន៦ ក្នុងស្រុកស្អាង ប្រមាណ ៣០០០នាក់។

បន្ទាប់ពីពិធីបើក និងហែរក្បួនជុំគ្នាជាមួយបណ្ដាឃុំផ្សេងៗក្នុងស្រុកស្អាង ប្រធានក្រុមការងារឃុំស្អាងភ្នំ បានបន្តដឹកនាំក្បួនដង្ហែដែលមានការចូលរួមពីសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាប្រចាំឃុំស្អាងភ្នំ សរុបប្រមាណ៥០០នាក់ ដោយមានម៉ូតូចំនួន ១៧៥គ្រឿង និងរថយន្តចំនួន៣៣ គ្រឿង ធ្វើការដង្ហែរក្បួននៅទូទាំងឃុំស្អាងភ្នំ។

សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងចាស់ទាំងក្មេង នៅឃុំស្អាងភ្នំ បានចេញពីគេហដ្ឋានមកអបអរសាទរដោយដៃមានកាន់ប៉ោងប៉ោង និងផ្លិតដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាជាមួយនឹងស្នាមញញឹម ដែលបានបង្ហាញយ៉ាងច្បាស់ពីការពេញចិត្ត និងការស្រលាញ់គាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្រ្គាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ ការបែងចែកទឹកដី និងពីប្រទេសដែលមានសេដ្ឋកិច្ចសូន្យ ទៅជាប្រទេសដែលមានសន្តិភាព ពេញលេញ សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រធាន។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រោយពេលបញ្ចប់ការដង្ហែក្បួន លោក សុខ សូកេន បានថ្លែងអំណរគុណដល់សមាជិកសមាជិកាដែលតែងតែគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតមក និងបានរំលេចពីសមិទ្ធផលធំៗជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានប្រកាសគាំទ្រពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងពីគោលដៅយុទ្ធសាស្រ្តធំៗរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ផងដែរ៕