(ព្រះវិហា)៖ លោកស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងលោកស្រី ចាន់ សាមី ស្រីឌឹក ដោយមានការចូលរួមពីអនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត និងប្រធានក្រុមការងារចុះជួយតាមឃុំទាំង៨ ព្រមទាំងលោកប្រធាន អនុប្រធាន គណបក្សស្រុក គណបក្សឃុំ និងសមាជិក សមាជិកាជាង១៥០០នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីអបអរសាទររំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣។

លោក ស្រី ឌឹក បានថ្លែងថា ព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រដ៏មានសារសំខាន់នេះ បានរៀបចំស្របជាមួយ នឹងការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣) របស់យើងផងដែរ។

ក្នុងនាមក្រុមការងារគណបក្សថ្នាក់កណ្តាល និងក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត និងសមាជិក សមាជិកា គណបក្សប្រជាជនទូទាំងស្រុកជាំក្សាន្ត សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំកំពូលនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានតស៊ូពុះពារ ជម្នះរាល់ឧបសគ្គ និងការលំបាក គ្រប់បែបយ៉ាងបានលះបង់ សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុ ជាតិ មាតុភូមិ រួមសុខ រួមទុក្ខ ជាមួយប្រជាជន ដើម្បីប្រជាជន ដោយសារប្រជាជន រហូតបង្កើតបានសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិជាច្រើនដូចបច្ចុប្បន្ននេះ។

លោក ស្រី ឌឹក បានថ្លែងទៀតថា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ លោកក៏បានអំពាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា ស្ថិតនៅលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

បើតាមលោក ជ ម៉ាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តព្រះវិហារ មានគណបក្សនយោបាយ ចូលរួម បោះឆ្នោតចំនួន១២គណបក្ស។ ហើយនៅថ្ងៃទី១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ខេត្តព្រះវិហារ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ សម្រាប់គណបក្សចំនួន១១ទៀត អាចនឹងបើកយុទ្ធនាការ នៅថ្ងៃខាងមុខ ឬក៏ថ្ងៃបញ្ចប់យុទ្ធនាការ៕