(ក្រចេះ)៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅបរិវេណសួនកុមារ ក្រុងក្រចេះ លោក ព្រុំ សុខា  រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តក្រចេះដែលមានអ្នកចូលរួមជាមន្រ្តី និងសមាជិកបក្សមកពីក្រុងក្រចេះ និងស្រុកចិត្របុរី ចំនួនជិតមួយម៉ឺននាក់ ។

បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងពី ចំនុចសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានថ្លែងក្នុងនាមអង្គពិធីទាំងមូលដោយបេ្តជ្ញាពាំនាំយកសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសចំនុចសំខាន់ទាំង៦ដើម្បីទៅផ្សព្វផ្សាយបន្តក្នុងរយះពេលយុទ្ធនាការ២១ថ្ងៃខាងមុខនេះឲ្យទៅដល់គ្រប់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ និងទៅដល់ម្ចាស់ឆ្នោតម្នាក់ៗនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ទាំងអស់ក្នុងខេត្តក្រចេះ។

ក្រោយពិធីជួបជុំគ្នានេះ ក្បួនយុទ្ធនាការបានបែងចែកដង្ហែឆ្ពោះទៅកាន់គោលដៅគ្រប់ច្រកល្ហកក្នុងក្រុងក្រចេះ។ ដោយឡែកក្បួនយុទ្ធនាការរបស់ប្រធានក្រុមការងារលោក ព្រុំ សុខា និងលោកស្រី ប្រាក់ ចន្ថា អនុប្រធានក្រុមការងារខេត្តក្រចេះ បានឆ្លងកាត់ទីប្រជុំជនផ្សារសាមគ្គីក្រុងក្រចេះ។ ក្នុងពេលជួបសំណេះសំណាលផ្ទាល់នៅទីនោះ មានបងប្អូនអាជីវករមួយចំនួនបានសម្តែងនូវក្តីរំភើបដឹងគុណមិនអាចបំភ្លេចបានចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានសាងសង់ផ្សារសាមគ្គីនេះឡើងវិញក្រោយពីឧបទ្ទវហេតុឆេះកាលពីឆ្នាំ២០១១ ដោយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

ក្នុងដំណើរយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី១នេះ លោក ព្រុំ សុខា និងលោកស្រី ប្រាក់ ចន្ថា ក៏ដូចជាលោក លោកស្រីក្រុមការងារទាំងអស់របស់ខេត្តក្រចេះបានធ្វើការអំពាវនាវសុំឲ្យពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ចូលរួមកុំបីអាក់ខានក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពឥតឈប់ឈរសម្រាប់អនាគតរុងរឿងថ្កុំថ្កើងរបស់មាតុភូមិ និងប្រជាជនកម្ពុជាយូរអង្វែងតរៀងទៅ៕