(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានសេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមការកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំការសម្ដែងសិល្បៈ ការហែក្បួនឃោសនា ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងការចែកខិត្តបណ្ណជាដើម។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាទ្រង់ទ្រាយធំនៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ដែលមានអ្នកចូលរួមជាច្រើនកុះករ។
ដោយឡែកគណបក្សនយោបាយមួយចំនួនទៀត ដូចគណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សឯកភាពជាតិខ្មែរ ក៏បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនដែលខ្លួនឈរឈ្មោះបោះឆ្នោតផងដែរ។
ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕