(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៥ ក្រោមប្រធានបទ «ការថែទាំដោយផ្តោតលើប្រជាពលរដ្ឋ» ដែលអញ្ជើញបើក ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
ទិវានេះក៏មានការអញ្ជើញចូលរួមពី លោកសាស្ដ្រាចារ្យ ឡឹម តារា ប្រធានគណៈកម្មាធិការវេជ្ជសាស្ដ្រពិគ្រោះយោបល់, នាយកមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សាកលវិទ្យាធិការសាកលវិទ្យាល័យសុខាភិបាល និងថ្នាក់ដឹកនាំជាច្រើនទៀត ព្រមទាំងសមាជិក សមាជិកា ក្រុមគ្រូពេទ្យប្រមាណជាង៤០០នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងនូវសមត្ថភាពជំនាញរបស់ក្រុមគ្រូពេទ្យ មានបទពិសោធន៍ខ្ពស់ ក្នុងការប្រតិបត្ដិការការងាររបស់ខ្លួន និងជម្រុញការធ្វើនវានុវត្តន៍បច្ចេកទេសសេវាព្យាបាល និងថែទាំរបស់មន្ទីរពេទ្យឈានទៅលំដាប់ខ្ពស់នៅលើសកលលោកជាបន្តបន្ទាប់។
លោកសាស្ដ្រាចារ្យបន្ដថា «ការប្រារព្ធទិវា គឺមិនអាចខ្វះបានឡើយ ព្រោះមានអត្ថប្រយោជន៍ខ្ពស់ ដោយការប្រតិបត្ដិការនៃបច្ចេកវិទ្យាថ្មី សម្រាប់សហភាតរៈវេជ្ជសាស្ដ្ររបស់យើង ទាមទារការពិភាក្សាគ្នារកចំណុចដ៏ប្រសើរ សម្រាប់អនុវត្ដ ។ម្យ៉ាងទៀតបច្ចេកវិទ្យាថ្មីទាំងឡាយ ក៏ត្រូវសមស្របជាមួយកត្ដាលំហ ឧទាហរណ៍ដូចជានៅកម្ពុជាយើង មានលក្ខណៈបែបណា ដោយឡែកប្រជាពលរដ្ឋ នៅក្នុងបរិយាកាសអាកាសធាតុបែបណា ចឹងទាមទារធ្វើការឆ្លុះបញ្ចាំង ហើយរកគន្លឹះដែលប្រសើរសម្រាប់ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ»។
ជាការពិតណាស់ប្រធានបទ «ការថែទាំដោយផ្តោតលើប្រជាពលរដ្ឋ» ឆ្នាំ២០២៣នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរវិវត្តន៍របស់សេវាសុខាភិបាល ពីមួយដំណាក់កាលទៅមួយដំណាក់កាល តែងមានការរីកចម្រើនឥតឈប់ឈរ ជាពិសេសកំពុងស្ថិតក្នុងបរិបទដែលតួអង្គបម្រើសេវាត្រូវគិតគូរ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការឆ្លើយតបឱ្យចំនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងឧបករណ៍ សម្ភារៈ ទាំងបច្ចេកទេស និងបច្ចេកវិជ្ជាថ្មីៗ ទាំងការទទួលបដិសណ្ឋារកិច្ច និងការទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ»។
លោកសាស្ដ្រាចារ្យបានបញ្ជាក់ថា «ទិវានេះយើងតែងតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយតែងទទួលបានការចែករំលែកនូវបទពិសោធន៍ល្អ និងការដើរទៅរកគន្លឹះខ្ពស់ និងឈានទៅសម្រេចគោលដៅបានយ៉ាងល្អ ដូច្នេះទិវានេះបានចូលរួមចំណែក ក្នុងការកាត់បន្ថយអត្រាមរណភាព និងការសម្រាកពេលកាន់តែមានពេលវេលាខ្លីជាងមុន ដែលបញ្ជាក់ថា ប្រសិទ្ធភាពនៃការព្យាបាលមានពិតប្រាកដ»។
ក្នុងឱកាសបើកទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រនេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៦ចំណុច៖
១៖ ការផ្ដល់ និងទទួល គឺការផ្ដល់ជូនសហភាតរៈ និងទទួលយកមកវិញនូវបទពិសោធន៍ ពីសហភាតរៈ
២៖ ការទទួលស្គាល់ថា អ្វីដែលជាគន្លឹះសំខាន់ល្អ មុននឹងទទួលយក ដែលបានតាមរយៈការពិភាក្សា
៣៖ ត្រូវផ្ដោតទៅលើចំណុចសំខាន់ នៅក្នុងអ្វីដែលយើងធ្វើប្រចាំថ្ងៃនៃវិជ្ជាជីវៈរបស់យើង (គន្លឹះនៃវិជ្ជាជីវៈដែលធ្វើប្រចាំថ្ងៃ)
៤៖ ត្រូវយកទ្រឹស្ដីធ្វើការអនុវត្ដន៍ឱ្យបានល្អប្រសើរ ត្រូវប្រាប់ហើយ និងនាំធ្វើជាក់ស្ដែង
៥៖ ត្រូវដឹងថា អ្វីដែលគួរចៀសវាង ហើយគន្លឹះធ្វើឱ្យជោគជ័យ ដែលយើងត្រូវតែព្យាយាមធ្វើឱ្យដល់គៅលដៅនោះ
៦៖ ត្រូវចូលរួមសហប្រតិបត្ដិការគ្នា នៅលើគោលដៅអ្នកជំងឺ ដែលជាកត្ដាគន្លឹះ ដើម្បីធ្វើយ៉ាងណាឱ្យសុខភាពប្រជាពលរដ្ឋ បានធូរស្រាល ដោយសារការសហការ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយការប្ដូរផ្ដាច់បំផុត៕