(បាត់ដំបង)៖ កម្មករ-កម្មការិនីរោងចក្រស្បែកជើង «អ៊ែរ៉ូសហ្វសាំមីតហ្វូតវែរ» (Aerosoft Summit FootWear) ដែលមានទីតាំងស្ថិតនៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជិត៣០០នាក់ ក្នុងចំណោមកម្មករសរុប៣១២នាក់ បានស្នើសុំដល់រដ្ឋមន្ត្រីក្រសួងការងារ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយពួកគាត់អាចចូលបម្រើការងារវិញ បន្ទាប់ពីថៅកែរោងចក្រ បដិសេធមិនទទួលយកពួកគេចូលធ្វើការវិញ ដោយមិនស្តាប់សេចក្តីបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះឡើយ។
ក្រុមកម្មករ-កម្មការិនី បានបង្ហាញការលំបាកយ៉ាងខ្លាំង ដោយសារតែមិនបានចូលធ្វើការ គឺគ្មានប្រាក់ខែសម្រាប់ចិញ្ចឹមជីវភាព និងក្រុមគ្រួសារ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះថា កម្មករ-កម្មការិនី បានធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ស្របទៅតាមច្បាប់ការងារតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែរហូតមកដល់ ថ្ងៃនេះ នៅមិនទាន់មានដំណោះស្រាយនោះទេ។ ក្រោយមានការតវ៉ារបស់ក្រុមកម្មករ ថៅកែរោងចក្រដែលមានភាគហ៊ុនជាជនជាតិថៃ បានបញ្ឃប់កម្មករទាំងអស់ មិនទទួលចូលធ្វើការវិញឡើយ។ លោក សំ សឿន បានប្រាប់អង្គភាព Fresh News ថា បន្ទាប់ពីមានលិខិតតវ៉ាពីតំណាងសហជីព ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏បានចេញសេចក្តីបញ្ជាឱ្យភាគីក្រុមហ៊ុនត្រូវតែទទួលយកកម្មករ ចូលធ្វើការវិញ តែក្រុមហ៊ុនបដិសេធ។ សម្រាប់ករណីនេះ លោកអភិបាលស្រុកសំពៅលូន ប្រធានមន្ទីរការងារខេត្ត បានចុះទៅសម្របសម្រួល តែភាគីរោងចក្រនៅតែមិនព្រមដដែល។ ក្រោយមកលោកអភិបាលខេត្ត បានចេញលិខិតសម្រេចមួយទៀតដល់ក្រុមហ៊ុនសុំឱ្យកម្មករចូលធ្វើការវិញក៏ក្រុមហ៊ុននៅតែបដិសេធទៀត។
លោក សំ សឿន បន្តទៀតថា ចុងក្រោយកម្មករ-កម្មការិនី បានបានស្នើសុំដល់លោករដ្ឋមន្ត្រីក្រសួងការងារមេត្តា ជួយធ្វើអន្តរាគមន៍ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ឲ្យជួយដោះស្រាយផង គឺមានតែសម្តេចទេ ដែលអាចជួយពួកគាត់បានចូលបម្រើការងារវិញបាន ដើម្បីអាចទទួលបានប្រាក់ខែយកទៅចិញ្ចឹមជីវិត និងក្រុមគ្រួសារនៅឯស្រុកកំណើត៕