(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនមហាជនរកសំឡេងឆ្នោតនៅមូលដ្ឋានខណ្ឌទួលគោក ដោយមានចូលរួមគាំទ្រពីយុវជន រួមទាំងសមាជិក សមាជិកា ប្រមាណ​ ៣,៥០០នាក់ផងដែរ។

នាឱកាសដង្ហែក្បួនរកសំឡេងឆ្នោតនៅមូលដ្ឋានខណ្ឌទួលគោកនេះ ក៏មានការរៀបចំទទួលស្វាគមន៍ពីសំណាក់គណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោកនិង​ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក​ និងពេលរសៀលក៏មានការទទួលស្វាគមន៍ដោយលោក សុត ធា ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ រួមទាំងចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ សមាជិក សមាជិកា និងប្រជាពលរដ្ឋជាច្រើនរូបទៀត រួមមានការប្រគំតន្ត្រី និងអាហាសាមគ្គីប្រកបដោយភាពរីករាយផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕