(ភ្នំពេញ)៖ លោកឧកញ៉ា តឹង ភីពីង ជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហេ្សងហេងគ្រុប បានទទួលសម្ភាសន៍ និងបានលើកឡើងថា កម្ពុជាកំពុងសហការជំរុញការវិនិយោគរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងអាកប្បកិរិយា និងសកម្មភាពយ៉ាងសកម្ម។

ក្នុងនាមជាប្រទេសជិតខាងដ៏សំខាន់មួយរបស់ប្រទេសចិន ប្រទេសកម្ពុជាគឺជាប្រទេសដ៏អាថ៌កំបាំងមួយ នៅក្នុងការយល់ឃើញរបស់មនុស្សជាច្រើន ហើយចំណាប់អារម្មណ៍របស់ពិភពលោកមកលើប្រទេស កម្ពុជានាពេលថ្មីៗនេះ ភាគច្រើនត្រូវបានប៉ះពាល់ដោយការពិពណ៌នាជាអវិជ្ជមាន។

តើបរិយាកាសធុរកិច្ច និងស្ថានភាពសង្គមកម្ពុជាយ៉ាងណាដែរ? តើអ្វីជាឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជាក្នុងបរិបទ អន្តរជាតិថ្មី? នៅក្នុងកម្មវិធី «កិច្ចសម្ភាសន៍អ្នកវិនិយោគ១០០នាក់ នៅប្រទេសតាមបណ្តោយខ្សែក្រវ៉ាត់ មួយ និងផ្លូវមួយ» នេះ យើងបានគោរពអញ្ជើញ លោកឧកញ៉ា តឹង ភីពីង ដែលជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហ្សេងហេងគ្រុប ធ្វើការបកស្រាយដោយឈរលើទស្សនវិស័យ ជាអនេកជនចិននៅកម្ពុជា អំពីបរិយាកាសធុរកិច្ច ការវិនិយោគឧស្សាហកម្ម និងការអភិវឌ្ឍន៍នាពេល អនាគតរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនថ្មី។

ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍ទាំងស្រុងជាមួយលោកឧកញ៉ា តឹង ភីពីង៖

*ទី១៖ អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា
សំណួរ៖ សូមលោកឧកញ៉ាមេត្តារៀបរាប់ថា តើគុណសម្បត្តិ បញ្ហាប្រឈម និងឱកាសនៃបរិយាកាស ធុរកិច្ចរបស់កម្ពុជាមានអ្វីខ្លះ?

លោកឧកញ៉ា តឹង ភីពីង៖ បើនិយាយពីគុណសម្បត្តិ កម្ពុជាជាទីផ្សារដែលកំពុងរីកចម្រើនថ្មីមួយ ដែលក្រុមអ្នកវិនិយោគបានមើលឃើញពីសារៈសំខាន់ នៃគោលនយោបាយរូបិយប័ណ្ណដ៏ទាក់ទាញ និងជា កន្លែងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មជាច្រើនប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមាន ការបើកចំហយ៉ាងពេញលេញ ហើយគោលនយោបាយវិនិយោគរបស់ខ្លួនក៏កំពុងត្រូវបានធ្វើឲ្យប្រសើរ ឡើង និងបើកចំហរផងដែរ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក៏កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។ ផ្លូវល្បឿនលឿនដំបូងគេពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលបានបើកឱ្យធ្វើចរាចរអស់រយៈពេលជាងកន្លះឆ្នាំមកនេះ បាននាំឱ្យប្រទេសកម្ពុជាមានការប្រែមុខមាត់យ៉ាងជាក់ច្បាស់។ រីឯការសាងសង់ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅក្រុងបាវិត ភាគខាងកើតព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម ក៏បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ជាងនេះទៅទៀត អាកាសយានដ្ឋានទី៤ ក្នុងប្រទេស ដែលមានទីតាំងនៅតារាសាគរក្នុងខេត្តកោះកុង ភាគខាងលិចនៃប្រទេសកម្ពុជា បានបំពេញលក្ខខណ្ឌ គ្រប់គ្រាន់ក្នុងការហោះហើរ ហើយគ្រោងនឹងបើកដំណើរការពេញលេញនាពេលខាងមុខនេះ។ លើសពីនេះទៀត លំហូរចូលមកនៃសហគ្រាសបរទេសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សបញ្ជាក់យ៉ាងច្បាស់ថា បរិយាកាសធុរកិច្ចនៅកម្ពុជា កំពុងអភិវឌ្ឍទៅតាមទិសដៅដែលវិនិយោគិនរំពឹងទុក។ បើក្រឡេកទៅមើល បញ្ហាប្រឈម បច្ចុប្បន្នបរិយាកាសធុរកិច្ចរបស់កម្ពុជាប្រឈមទៅនឹងបញ្ហាដែលលេចធ្លោបំផុតនោះ គឺការកង្វះខាតជាខ្លាំងលើវិស័យធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ចំណុចនេះគឺជាអ្វីដែលខ្ញុំ មានអារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដំណើរការអាជីវកម្មរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ បើនិយាយពី កាលានុវត្តភាពវិញ កម្ពុជាមានឱកាសផ្នែកឧស្សាហកម្មជាច្រើនដែលត្រៀមនឹងពង្រីក ដូចជាឧស្សាហកម្ម ទេសចរណ៍វប្បធម៌ និងកសិកម្ម ហើយក៏មានឱកាសជាច្រើនទៀតដែលផ្តល់ឱ្យដោយការអភិវឌ្ឍន៍ដីធ្លី តាមរយៈការលើកកម្ពស់ឧស្សាហកម្ម ទាំងនេះគឺជាឱកាសអភិវឌ្ឍដែលអ្នកវិនិយោគ ឬស្ថាប័នវិនិយោគ គួរចាប់យក។ ជាពិសេសវិស័យកសិកម្ម ដោយសារបច្ចុប្បន្នវិស័យកសិកម្មរបស់កម្ពុជាស្ថិតនៅក្នុងយុគ សម័យកសិកម្មបែបប្រពៃណីនៅឡើយ ហើយកម្រិតនៃឧស្សាហូបនីយកម្មមានការខ្វះខាតយ៉ាងខ្លាំង។ ដូច្នេះការសម្រេចបាននូវឧស្សាហូបនីយកម្មគឺជាទិសដៅសំខាន់ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មកសិកម្មរបស់កម្ពុជា។

*សំណួរ៖ តើរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយ និងវិធានការអ្វីខ្លះដែលមានប្រសិទ្ធភាពក្នុងការទាក់ទាញការវិនិយោគពីបរទេស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច?

លោកឧកញ៉ា តឹង ភីពីង៖ ជាបឋម រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងកំណែទម្រង់បន្ថែមទៀតនូវច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការវិនិយោគបរទេស ទន្ទឹមនឹងនោះដែរ ក៏កំពុងជំរុញយ៉ាងសកម្មដល់ អង្គការសង្គមនានាក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ក្រុមអ្នកស្វែងរកការងារធ្វើជា មូលដ្ឋាន និងលើកទឹកចិត្តដល់និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅបរទេសត្រឡប់មកប្រទេស ខ្លួនវិញដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ កត្តាទាំងអស់នេះហើយដែលត្រូវបានគេជឿជាក់ថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគពីបរទេស។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ កំពុងធ្វើកំណែទម្រង់បទដ្ឋានច្បាប់ និងការត្រួតពិនិត្យបន្ថែមទៀត ទាក់ទងនឹងការទាក់ទាញវិនិយោគ។

*សំណួរ៖ តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិរបស់កម្ពុជាក្នុងការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?

លោកឧកញ៉ា តឹង ភីពីង៖ កម្រិតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា មិនមានលក្ខណៈពិសេស ក្នុងចំណោមប្រទេសអាស៊ាននោះទេ ប៉ុន្តែបើយើងនិយាយពីគោលនយោបាយរូបិយវត្ថុវិញ ការចរាចររូបិយ ប័ណ្ណក្នុងស្រុកប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកឲ្យដំណើរការទន្ទឹមគ្នា គឺជាកត្តាដែលអាចទាក់ទាញ វិនិយោគិនអន្តរជាតិបានយ៉ាងច្រើន។ លើសពីនេះទៀត គោលនយោបាយគ្រប់គ្រងរូបិយប័ណ្ណបរទេស របស់រាជរដ្ឋាភិបាលកម្ពុជាក៏មានភាពងាយស្រួល ដូច្នេះហើយកម្ពុជាមានគុណសម្បត្តិលេចធ្លោក្នុងការ ទាក់ទាញវិនិយោគិនដែលប្រទេសអាស៊ានផ្សេងទៀត និងសូម្បីតែប្រទេសកំពុងអភិវឌ្ឍន៍ក៏មិនមានដែរ។ អ្វីដែលមិនអាចប្រកែកបាននោះគឺ សន្ទស្សន៍សុភមង្គលរបស់ប្រជាជនកម្ពុជាក៏មានកម្រិតខ្ពស់ផងដែរ។ រីឯគុណវិបត្តិប្រហែលមានដូចជា៖ វិធានការណ៍លើកទឹកចិត្តក្នុងការវិនិយោគឱ្យចំគោលដៅ កង្វះខាតអ្នក មានទេពកោសល្យឆ្នើម ច្បាប់និងបទប្បញ្ញត្តិឧស្សាហកម្ម និងការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវធ្វើឱ្យ ប្រសើរឡើងបន្ថែមទៀត។

*ទី២៖ អំពីបរិយាកាសវិនិយោគឧស្សាហកម្ម និងឱកាស

*សំណួរ៖ តើឧស្សាហកម្មណាខ្លះក្នុងប្រទេសកម្ពុជាដែលលោកឧកញ៉ាយល់ថា មានសក្ដានុពល ក្នុងការវិនិយោគ និងអភិវឌ្ឍន៍? ជាមួយនឹងការរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តើឱកាស វិនិយោគនៅកម្ពុជាក្នុងវិស័យផលិតកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើមយ៉ាងដូចម្តេចដែរ?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគនោះ គឺវិស័យទេសចរណ៍វប្បធម៌ កសិកម្ម និងការផលិតបែបប្រពៃណីដែលពឹងផ្អែកលើធនធានមនុស្ស។ នាពេលកន្លងមក ដោយសារដែនកំណត់នៃដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍន៍របស់កម្ពុជា ប្រទេសកម្ពុជាទាំងមូលមិនបានធ្វើសមាហរណកម្មល្អ ទៅក្នុងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនោះទេ។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់» (RCEP) រួមជាមួយនឹងការកើនឡើងនៃទំហំពាណិជ្ជកម្ម និងកម្រិតនៃការប្រើប្រាស់ក្នុងស្រុកនៅក្នុង ប្រទេសកម្ពុជាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាបានចាប់ផ្តើមដើរតួនាទីកាន់តែសំខាន់នៅក្នុងប្រព័ន្ធខ្សែ សង្វាក់ផ្គត់ផ្គង់ពិភពលោក។ ម្យ៉ាងវិញទៀត ឧស្សាហកម្មផលិតកម្មរបស់កម្ពុជាស្ថិតនៅក្នុងកម្រិតទាប នៅឡើយ ដូចជាឧស្សាហកម្មធុនស្រាលរួមមានសម្លៀកបំពាក់ និងវ៉ាលីជាដើម ប្រៀបដូចនឹងប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ៩០ ហើយការផលិតបែបទំនើបមិនទាន់មានភាពរីកចម្រើននៅឡើយទេ។ ចំពោះការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វាពិតជាមានឱកាសច្រើនណាស់។ ឧទាហរណ៍ ផ្លូវល្បឿនលឿន ផ្លូវដែក បណ្តាញឧស្ម័នក្នុងក្រុងជាដើមគឺសុទ្ធតែត្រូវការនូវការចូលរួមវិនិយោគពីសកល។ ទីមួយ៖ ការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធអាចទទួលបានអត្ថប្រយោជន៍រយៈពេលវែង។ ទីពីរ៖ ការវិនិយោគ អាចជួយប្រទេសកម្ពុជាលើកកម្ពស់កម្រិតជីវភាពរស់នៅទាំងមូលរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ ប្រសិទ្ធភាពប្រតិបត្តិការក្នុងសង្គម។

*សំណួរ៖ តើស្ថានភាព នៃការអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព និងវិស័យផ្សេងទៀតរបស់កម្ពុជាយ៉ាងដូចម្តេចដែរ?

លោកឧកញ៉ា តឹង ភីពីង៖ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន កម្ពុជានៅខ្វះបរិយាកាសឧស្សាហកម្ម និងធនធានមនុស្សពាក់ព័ន្ធ។ ប៉ុន្តែចំពោះការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជាទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ នៅក្នុងវិស័យអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព ជាបឋមខ្ញុំគិតដល់នោះគឺនិរន្តរភាពនៃបរិស្ថានអេកូឡូស៊ី។ ប្រទេសកម្ពុជាសព្វថ្ងៃនេះ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារបរិស្ថាន ហើយចំពោះឧស្សាហកម្មដែលមានការបំពុលខ្លាំង រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់អាកប្បកិរិយាដោយសុខចិត្តលះបង់ផលប្រយោជន៍សេដ្ឋកិច្ចខ្ពស់ ក៏មិន ដូរទៅនឹងការបំផ្លិចបំផ្លាញបរិស្ថានដែរ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញខ្លាំងលើវិស័យ ថាមពលថ្មី និងបច្ចេកវិទ្យាថ្មីៗមួយចំនួនផងដែរ។

៣. អំពីនិន្នាការអភិវឌ្ឍន៍នាពេលអនាគត និងទិសដៅសេដ្ឋកិច្ច

សំណួរ៖ តើលោកឧកញ៉ាព្យាករណ៍ពីនិន្នាការអភិវឌ្ឍន៍កម្ពុជាទៅថ្ងៃអនាគតយ៉ាងណាដែរ?

លោកឧកញ៉ា តឹង ភីពីង៖ ដោយសារមានទីតាំងភូមិសាស្រ្តនៅចំកណ្តាលនៃតំបន់អាស៊ាន ប្រទេសកម្ពុជាមានគុណសម្បត្តិ និងភាពងាយស្រួលច្រើនក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកជាមួយនឹងប្រទេសជិតខាង។ គួបផ្សំជាមួយនឹងគោលនយោបាយរូបិយវត្ថុដ៏ល្អប្រសើរ និងហេដ្ឋារចនាសម្ព័ន្ធដែលបានកំពុង អភិវឌ្ឍជាបន្តបន្ទាប់ ខ្ញុំជឿជាក់ថាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខរបស់កម្ពុជាច្បាស់ជានឹង ប្រព្រឹត្តទៅតាមការរំពឹងទុករបស់អ្នកវិនិយោគ។ បន្ទាប់ពីការបោះឆ្នោតនៅខែកក្កដាខាងមុខនេះរួច រាជរដ្ឋាភិបាលថ្មីនឹងបង្ហាញវត្តមានយុវជនជំនាន់ក្រោយ។ ច្បាប់ និងបទប្បញ្ញត្តិមួយចំនួនក្នុងការការពារ និង លើកទឹកចិត្តការវិនិយោគពីបរទេសក៏កំពុងត្រូវបានកែលម្អជាបន្តបន្ទាប់ ដូច្នេះការអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ពិតជានឹងកាន់តែលឿនជាងកាលពី ២០ ឆ្នាំមុន។

សំណួរ៖ តើកម្ពុជាដោះស្រាយយ៉ាងណាចំពោះភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសបញ្ហាដូចជាជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក?

លោកឧកញ៉ា តឹង ភីពីង៖ វាជាការពិតដែលស្ថិរភាពនៃពិភពលោកសព្វថ្ងៃនេះបានជួបប្រទះនឹងបញ្ហា ប្រឈមដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែវាក៏ដោយសារតែបញ្ហានេះដែរ កម្ពុជាក៏បានចាប់យកឱកាស ដើម្បីទទួលបានស្ថានភាពអំណោយផលមួយចំនួន។ មួយរយះមុននេះ ខ្ញុំបានអានអត្ថបទមួយដែលបាន លើកឡើងថា ភូមិសាស្ត្រនយោបាយអាចនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសអាស៊ាន ការលើក ឡើងនេះគឺជាការពិត នៅក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក កម្ពុជាបាន ទទួលផលប្រយោជន៍រួចទៅហើយ។

សំណួរ៖ តើលោកឧកញ៉ាអាចនិយាយអំពីតួនាទីរបស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ" និងការរំពឹងទុកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិនបានដែរឬទេ?

លោកឧកញ៉ា តឹង ភីពីង៖ ពិតណាស់ថា គំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ" គឺអស្ចារ្យណាស់។ ដូចដែលយើងបានពិភាក្សាគ្នាអម្បាញ់មិញនេះ កម្ពុជាមិនត្រឹមតែអាចទទួលបានអត្ថប្រយោជន៍ពីជម្លោះ ពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួល នៃសមាហរណកម្មសេដ្ឋកិច្ច ក្រោមគំនិតផ្តួចផ្តើមវិនិយោគនៃ "ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ" នេះផងដែរ។និយាយដោយត្រង់ វាគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់កម្ពុជា ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។

*ទី៤៖ អំពីកាលានុវត្តភាពអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក

សំណួរ៖ តើលោកឧកញ៉ាយល់ឃើញយ៉ាងណាចំពោះឱកាសអភិវឌ្ឍន៍ដែលកម្ពុជា ទទួលបានក្នុងអំឡុងពេលនៃការប្រកួតប្រជែងរវាងប្រទេសចិន-សហរដ្ឋអាមេរិក?

លោកឧកញ៉ា តឹង ភីពីង៖ រដ្ឋាភិបាលចិនមិនមានការស្ទាក់ស្ទើរក្នុងការគាំទ្រ និងជួយដល់កម្ពុជាឡើយ ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តរំខានដល់ទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន កម្ពុជាបានប្រកាន់យកអាកប្បកិរិយា និងសកម្មភាពជាវិជ្ជមាន ដើម្បីសហការនិងជំរុញការវិនិយោគរបស់ ចិននៅក្នុងតំបន់មួយនេះ។ បើយើងមើលនៅក្នុងវិសាលភាពជាក់ស្តែង សមិទ្ធិផលនៃការអភិវឌ្ឍន៍ដែល ទទួលបាន ឬកំពុងសម្រេចបានរបស់ប្រទេសកម្ពុជា ភាគច្រើនគឺដោយសារឱកាសអភិវឌ្ឍន៍ដែលនាំមក ដោយសារការប្រកួតប្រជែងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

*ទី៥៖ ទស្សនទានលើឱកាសវិនិយោគ បរិយាកាសធុរកិច្ច និងការអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា

សំណួរ៖ ក្នុងនាមជាអ្នកដឹកនាំសហគ្រាសពហុឧស្សាហកម្ម តើលោកឧកញ៉ាវាយតម្លៃយ៉ាងដូចម្តេច ចំពោះឱកាសវិនិយោគទូទៅ និងឱកាសអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា?

លោកឧកញ៉ា តឹង ភីពីង៖ ខ្ញុំបានមករស់នៅប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ ខ្ញុំមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រទេសនេះ ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍នាពេលអនាគត របស់កម្ពុជា។ ចាប់តាំងពីក្រុមហ៊ុនហ្សេងហេងគ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ន ការវិនិយោគរបស់ក្រុមហ៊ុនបានចូលរួមក្នុងឧស្សាហកម្មជាច្រើន។ ការសម្រេចចិត្តដែលខ្ញុំបានធ្វើទាំងនេះ គឺផ្អែកទៅលើការជឿជាក់ដ៏ពេញលេញរបស់ខ្ញុំ ចំពោះឱកាសអភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគតរបស់ កម្ពុជា។ មួយវិញទៀត គឺលក្ខខណ្ឌអាកាសធាតុ និងកង្វះខាតនៃផលិតកម្មរបស់កម្ពុជាបាននាំមកនូវ ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍។ លើសពីនេះទៀត ការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រងបែបវិទ្យាសាស្ត្រ ទំនើប និងបច្ចេកទេសដាំដុះនឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ធំដល់ឧស្សាហកម្មកសិកម្មរបស់កម្ពុជា។ ប្រទេសកម្ពុជាសម្បូរទៅដោយធនធានទេសចរណ៍ ជាមួយនឹងការបញ្ចប់នៃការរីករាលដាលនៃជំងឺកូវីដ- ១៩ និងការបើកឡើងវិញនៃទេសចរណ៍ពិភពលោក នឹងនាំមកនូវអត្ថប្រយោជន៍លើសពីការរំពឹងទុកថ្មី មួយទៀត សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យទេសចរណ៍។

សំណួរ៖ តើការរៀបចំផែនការវិនិយោគរបស់ក្រុមហ៊ុនហ្សេងហេងគ្រុបនៅកម្ពុជាមានអ្វីខ្លះ? តើលោក ឧកញ៉ាយល់ឃើញយ៉ាងណាចំពោះការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុននៅកម្ពុជា?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនហ្សេងហេងគ្រុប បានចូលរួមវិនិយោគក្នុងវិស័យ អចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ការវិនិយោគ ពាណិជ្ជកម្មអេឡិច ត្រូនិក ថាមពលបៃតង វប្បធម៌ និងឧស្សាហកម្មទេសចរណ៍។ យើងបានសម្រេចធ្វើការវិនិយោគលើវិស័យ ទាំងនេះ គឺបន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងវាយតម្លៃយ៉ាងម៉ត់ចត់លើទីផ្សារកម្ពុជា រួចមក។ ការវិនិយោគលើវិស័យឧស្សាហកម្មរបស់កម្ពុជាគឺបានកំពុងឈានចូលដល់យុគសម័យថ្មីមួយនៃ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងការបើកដំណើរការនូវផ្លូវល្បឿនលឿនដំបូងគេ។

សំណួរ៖ តើលោកឧកញ៉ាមានយោបល់អ្វីខ្លះសម្រាប់ការកែលម្អ និងលើកកម្ពស់បរិយាកាសអាជីវកម្មនៅកម្ពុជា? តើធ្វើដូចម្តេចដើម្បីជួយជំរុញកម្ពុជាអាចធ្វើការទាក់ទាញការវិនិយោគពីបរទេសឱ្យបានច្រើន និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចខ្លួន?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ន អ្វីដែលកម្ពុជាត្រូវកែលម្អជាបន្ទាន់គឺការពង្រឹងការត្រួតពិនិត្យ ចំពោះក្រុមអ្នកអនុវត្តច្បាប់ បង្កើតច្បាប់និងបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសិទ្ធិ និងផល ប្រយោជន៍របស់អ្នកវិនិយោគ ដោយកែលម្អបរិយាកាសធុរកិច្ចចាប់ពីរឹសគុល និងផ្តល់ឱ្យវិនិយោគិន សកល ជាមួយនឹងបរិយាកាសអាជីវកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

*ទី៦៖ អំពីបញ្ហាហានិភ័យផ្នែកនយោបាយ និងស្ថិរភាពសង្គម

សំណួរ៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយក្នុងស្រុកនៅកម្ពុជាបានផ្លាស់ប្តូរខ្លះ តើមាន ផលប៉ះពាល់អ្វីខ្លះដល់បរិយាកាសវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា?
លោកឧកញ៉ា តឹង ភីពីង៖ តាមពិតទៅការផ្សព្វផ្សាយនៅខាងក្រៅគឺជាពាក្យចចាមអារ៉ាមច្រើនជាង ស្ថានការណ៍នយោបាយនៅកម្ពុជាមានស្ថិរភាពណាស់។ នៅឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិដែលជា បក្សប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានរំសាយ ហើយសមាជិកគណបក្សសង្គ្រោះជាតិភាគ ច្រើនបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះសព្វថ្ងៃនេះស្ថានភាពរបស់កម្ពុជាមានសភាព សុខដុមរមនា។ លើសពីនេះទៀត ក្រុមមេដឹកនាំវ័យក្មេងនឹងលេចមុខក្នុងជួររាជរដ្ឋាភិបាលថ្មី ហើយពួកគេមានការយល់ឃើញកាន់តែទូលំទូលាយ។ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងចាត់វិធានការកាន់តែខ្លាំងក្លា បន្ថែមទៀត ដើម្បីកែលម្អបរិយាកាសវិនិយោគ និងបង្កើតបរិយាកាសសង្គមឱ្យកាន់តែប្រសើរឡើង ព្រម ទាំង ពង្រឹងការអនុវត្តច្បាប់ចំពោះសកម្មភាព និងកម្លាំងណាដែលរារាំងដល់ការវិនិយោគពីបរទេស។

សំណួរ៖ តើស្ថានភាពសណ្តាប់ធ្នាប់សង្គម និងសន្តិសុខនៅកម្ពុជាមានលក្ខណៈដូចម្តេចដែរ? តើវានឹងប៉ះពាល់យ៉ាងណាចំពោះការសម្រេចចិត្តប្រកបអាជីវកម្ម និងធ្វើការវិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជា?

លោកឧកញ៉ា តឹង ភីពីង៖ សង្គមមួយតែងជួបបញ្ហាដោយជៀសមិនរួចនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ជាក់លាក់ណាមួយ ប៉ុន្តែជារួមសណ្តាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជាមិនដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ ក្រៅប្រទេសបានលើកឡើងយ៉ាងហួសហេតុនោះទេ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយឯកជន។ សហគ្រាស នីមួយៗនៃក្រុមហ៊ុនរបស់យើងមានបុគ្គលិកបរទេសជាច្រើន ហើយការងារ និងជីវិតរស់នៅរបស់ពួកគេ នៅទីនេះមានសុខសុវត្ថិភាព និងស្ថិរភាពណាស់។ ចំពោះផលប៉ះពាល់លើការសម្រេចចិត្តរបស់អ្នកវិនិយោគិន មនុស្សម្នាក់ៗគឺមានការយល់ឃើញខុសៗគ្នា ហើយចំណុចគន្លឹះគឺអាស្រ័យលើការជ្រើសរើស និងថ្លឹងថ្លែងរបស់អ្នកវិនិយោគរវាងឱកាសអភិវឌ្ឍន៍ទីផ្សារ និងបញ្ហាដែលមានចំពោះមុខ។

*ទី៧៖ អំពីទីផ្សារការងារ និងបញ្ហាបរិស្ថាន

សំណួរ៖ តើស្ថានភាពទីផ្សារការងារកម្ពុជាបច្ចុប្បន្នមានលក្ខណៈបែបណា? តើគុណភាពការងារ ដើមទុន និងគោលនយោបាយប៉ះពាល់ដល់ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនបរទេសយ៉ាងដូចម្តេចដែរ?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាខ្វះការបណ្តុះបណ្តាលជំនាញការងារ សម្រាប់ប្រជាជនដែលមានជីវភាពកម្រិតទាប នៅក្នុងវិស័យនេះ កម្លាំងជំរុញរបស់កម្ពុជាច្បាស់ណាស់ថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះគុណភាពការងារក្នុងស្រុកចាំបាច់ត្រូវកែលម្អបន្ថែមទៀត។ តម្លៃ ពលកម្មក្នុងវិស័យខ្លះមិនខ្ពស់នោះទេ ប៉ុន្តែនៅក្នុងមុខតំណែងខ្លះដែលទាមទារចំណេះដឹងខ្ពស់ កម្រិត ប្រាក់ខែក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
សំណួរ៖ តើកម្ពុជាមានគោលនយោបាយ និងការអនុវត្តកិច្ចការពារបរិស្ថានយ៉ាងណាដែរ? ក្នុងដំណើរការវិនិយោគ និងការអភិវឌ្ឍន៍ តើធ្វើដូចម្តេចដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន?

លោកឧកញ៉ា តឹង ភីពីង៖ ថ្វីត្បិតតែប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏ការយល់ដឹង និងការគ្រប់គ្រងបរិស្ថានមានលក្ខណៈល្អប្រសើរផងដែរ។

*ទី៨៖ អំពីឥទ្ធិពលនៃកេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជាលើការវិនិយោគឧស្សាហកម្ម និងការពង្រីកទីផ្សារ

សំណួរ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជាលើពិភពលោកមិនសូវល្អនោះទេ តើវាអាចប៉ះពាល់ដល់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេស និងការពង្រីកទីផ្សារកម្ពុជារបស់ក្រុមហ៊ុន បរទេសដែរឬទេ?

លោកឧកញ៉ា តឹង ភីពីង៖ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពិតជាមានបាតុភាពមួយចំនួនដែលធ្វើឲ្យខូចមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាពិតប្រាកដមែន។ ប៉ុន្តែដោយមានកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រទេសចិន រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងបង្កើនការបង្រ្កាបបទល្មើសផ្សេងៗជាបន្តបន្ទាប់ និងសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការគ្រប់គ្រងពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅកម្ពុជា។

សំណួរ៖ តាមលោកឧកញ៉ាដឹង តើរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបយ៉ាងណាចំពោះឥទ្ធិពលនៃការផ្លាស់ប្តូរមុខមាត់ និងកេរ្តិ៍ឈ្មោះអន្តរជាតិលើការអភិវឌ្ឍសេដ្ឋកិច្ច? តើបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រើ វិធានការណ៍អ្វីខ្លះ ដើម្បីកែលម្អ និងលើកកម្ពស់មុខមាត់អន្តរជាតិ និងកេរ្តិ៍ឈ្មោះទីផ្សារ?

លោកឧកញ៉ា តឹង ភីពីង៖ ប្រទេសកម្ពុជាបានចាកចេញពីបញ្ជីឈ្មោះប្រផេះនៃការលាងលុយកខ្វក់តាម រយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ផ្នែកដែលពាក់ព័ន្ធ។ នេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយខុសច្បាប់ ក្នុងរយៈពេលជាច្រើន ឆ្នាំកន្លងមកនេះ។

សំណួរ៖ ក្នុងនាមជាសហគ្រាសដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា តើក្រុមហ៊ុនហ្សេងហេងគ្រុប ឆ្លើយតបយ៉ាងណាចំពោះការផ្លាស់ប្តូរមុខមាត់ និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជា និងយកឈ្នះលើបញ្ហា ប្រឈមនានា ដើម្បីរក្សាការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅក្នុងទីផ្សារនេះ?

លោកឧកញ៉ា តឹង ភីពីង៖ ក្រុមហ៊ុនហ្សេងហេងគ្រុប ជាក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលមានកិច្ចសហការជាមួយប្រទេសចិន កំពុងបង្កើនបុគ្គលិកក្នុងស្រុកឱ្យកាន់តែច្រើនឡើងថែមទៀត។ យើងតែងតែ ប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ទាល់ខ្លួន នៅចំពោះមុខភាពវឹកវរនៃពិភពលោក យើងតែងតែគោរពនូវគោល ការណ៍មួយ គឺ "រក្សាភាពនឹងនរ" ហើយផ្តោតលើការងារអ្វីដែលយើងគួរធ្វើ។

*ទី៩៖ អំពីផែនការអភិវឌ្ឍន៍នាពេលអនាគត និងផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនហ្សេងហេងគ្រុប

សំណួរ៖ តើលោកឧកញ៉ាអាចណែនាំពីអាជីវកម្មស្នូល និងការអភិវឌ្ឍន៍ទីផ្សាររបស់ក្រុមហ៊ុនហ្សេងហេង គ្រុប បានដែរឬទេ? តើក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍យ៉ាងដូចម្តេចក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?

លោកឧកញ៉ា តឹង ភីពីង៖ អាជីវកម្មស្នូលរបស់យើងគឺវិស័យអចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័ន្ធ ផ្សព្វផ្សាយ ទូរគមនាគមន៍ ការវិនិយោគ ថាមពលបៃតង វប្បធម៌ និងឧស្សាហកម្មទេសចរណ៍។ល។ នៅពេលអនាគត យើងនឹងពង្រីកអាជីវកម្មបន្តិចម្តងៗទៅកាន់ប្រទេសឡាវ ហ្វីលីពីន និងប្រទេសផ្សេងៗទៀត។

សំណួរ៖ តើអ្វីជាផែនការអភិវឌ្ឍន៍នាពេលអនាគត និងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនហ្សេងហេង គ្រុប? តើអ្វីជាយុទ្ធសាស្ត្រដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យជំនាញ?

លោកឧកញ៉ា តឹង ភីពីង៖ ទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនហ្សេងហេងគ្រុបគឺដើម្បីកសាងក្រុមហ៊ុនពហុ- ឧស្សាហកម្មមួយដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជំរុញការអភិវឌ្ឍន៍ និង វឌ្ឍនភាពនៃឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា លើកកម្ពស់សុភមង្គលរបស់បុគ្គលិក បង្កើតឱកាសការងារ និងចំណូលពន្ធកាន់តែច្រើន ហើយនឹងខិតខំដើរតួនាទីដឹកនាំក្នុងនាមជាសហគ្រាសឈានមុខគេក្នុង ឧស្សាហកម្មដែលពាក់ព័ន្ធ។ យុទ្ធសាស្ត្រទាក់ទាញអ្នកដែលមានទេពកោសល្យរបស់យើង គឺយកចិត្តទុក ដាក់ និងនាំយកប្រព័ន្ធគ្រប់គ្រងអ្នកដែលមានទេពកោសល្យតាមបែបវិទ្យាសាស្ត្រ ផ្តោតលើការបំរុងទុក និងការបណ្ដុះបណ្ដាលដល់អ្នកដែលមានទេពកោសល្យឆ្នើម ព្រមទាំងផ្តោតលើលំហច្នៃប្រឌិតរបស់អ្នក ដែលមានទេពកោសល្យ និងលើកកម្ពស់ការអភិវឌ្ឍន៍របស់ពួកគេ។

សំណួរ៖ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចពិភពលោក តើក្រុមហ៊ុនហ្សេងហេងគ្រុប នឹងផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងដូចម្តេច ដើម្បីរក្សាការប្រកួតប្រជែង និងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់ខ្លួន?

លោកឧកញ៉ា តឹង ភីពីង៖ នៅក្នុងពិភពលោកនេះ គឺមានតែការផ្លាស់ប្តូរតែមួយគត់ដែលមិនផ្លាស់ប្តូរ។ ក្រុមហ៊ុនហ្សេងហេងគ្រុបនឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួនឱ្យទាន់ពេលវេលា ដោយយក អ្នកដែលមានទេពកោសល្យជាមូលដ្ឋានគ្រឹះ និងប្រើប្រាស់សមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញ ដើម្បី ទប់ទល់ជាមួយនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមនៅក្នុងទីផ្សារ និងស្ថានភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ យើងក៏កំពុងពង្រីកផែនការបន្ថែមទៀតទៅកាន់ទីក្រុងហុងកុង និងសិង្ហបុរី ដោយទាញយកអត្ថប្រយោជន៍ ពីទីផ្សារមូលធនដ៏ល្អរបស់ពួកគេ ដើម្បីជួយជំរុញឱ្យក្រុមហ៊ុនហ្សេងហេងគ្រុបអាចឈានចូលទៅក្នុងទីផ្សារអន្តរជាតិបានយ៉ាងពិតប្រាកដ។

សំណួរ៖ ក្នុងការប្រឈមមុខនឹងនិន្នាការពិភពលោកដូចជាឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាព តើក្រុមហ៊ុនហ្សេងហេងគ្រុបមានការដាក់ចេញវិធានការច្នៃប្រឌិត និងប្រើប្រាស់យុទ្ធសាស្ត្រអ្វីខ្លះ?

លោកឧកញ៉ា តឹង ភីពីង៖ ក្រុមហ៊ុនហ្សេងហេងគ្រុប តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍ នៃឧស្សាហកម្មឌីជីថល ហើយយើងក៏កំពុងរៀបចំផែនការយ៉ាងសកម្មក្នុងវិស័យនេះផងដែរ ដូចជា យើង បានពិភាក្សាជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពប្រតិបត្តិការឌីជីថលរបស់ពួកគេ ហើយស្របពេលជាមួយគ្នានេះផងដែរ យើងក៏បានចាប់ផ្តើមរៀបចំផែនការពាក់ព័ន្ធក្នុងវិស័យ metaverse ផងដែរ។ ក្រុមហ៊ុនហ្សេងហេងគ្រុបបានបង្កើតវេទិកាមួយដែលផ្តោតលើឧស្សាហកម្មវប្បធម៌ឌីជីថល ដែលមាន ឈ្មោះថា "សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ" ដែលមានបេសកកម្មក្នុងការលើកកម្ពស់ការរួម បញ្ចូលយ៉ាងពេញលេញនៃវប្បធម៌អង្គរ និងឧស្សាហកម្មឌីជីថលតែមួយគត់របស់កម្ពុជា ហើយខិតខំ ប្រើប្រាស់ឌីជីថលនីយកម្មដើម្បីផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ និងដំណើរការឧស្សាហកម្មទេសចរណ៍របស់កម្ពុជា និងឧស្សាហកម្មដែលពាក់ព័ន្ធដ៏ទៃទៀត។ លើសពីនេះ យើងក៏កំពុងពិភាក្សាយ៉ាងសកម្ម និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មឌីជីថលជាមួយរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

សំណួរ៖ តើអ្វីជាចក្ខុវិស័យ ឬគោលដៅចុងក្រោយរបស់ក្រុមហ៊ុនហ្សេងហេងគ្រុប?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ឧស្សាហកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុង ដំណាក់កាលដំបូងនៅឡើយ ចក្ខុវិស័យរបស់យើងគឺចង់ក្លាយទៅជាអ្នកជំរុញវឌ្ឍនភាព និងការអភិវឌ្ឍន៍ ឧស្សាហកម្មរបស់កម្ពុជា។

បញ្ជាក់៖ លោកឧកញ៉ា តឹង ភីពីង មកពីខេត្តហ៊ូណាន ប្រទេសចិន គឺជាជនជាតិចិន សញ្ជាតិខ្មែរ។ លោកបានមកធ្វើការអភិវឌ្ឍន៍នៅកម្ពុជាតាំងពីយូរឆ្នាំមកហើយ ដោយបានចូលរួមជាបន្តបន្ទាប់នៅក្នុង វិស័យទូរគមនាគមន៍ ធនធានមនុស្ស និងឧស្សាហកម្មផ្សេងៗទៀត ហើយក្រោយមកបានបង្កើត ក្រុមហ៊ុនហ្សេងហេងគ្រុប។ មានឧស្សាហកម្មគ្របដណ្តប់លើវិស័យធនាគារ អចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្មអេឡិចត្រូនិក ទូរគមនាគមន៍ ថាមពលបៃតង ធនធានមនុស្ស និងសន្តិសុខឯកជនជាដើម។ បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប (Zhengheng Group) ជាប្រធានអង្គការមូលនិធិ DPB (DPB Foundation) ជាម្ចាស់ភាគហ៊ុននៃធនាគារ BIC ជាប្រធាន "សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន" ជាប្រធាន "សមាគមក្រុមប្រឹក្សាវប្បធម៌ ឌីជីថលអង្គរ" ជាប្រធាន "សមាគមអាជីវកម្មបច្ចេកវិទ្យាកម្ពុជា" និងព្រមទាំងជាប្រធានកិត្តិយសនៃ "សមាគមសភាពាណិជ្ជកម្មចិនខេត្តហ៊ូណាននៅកម្ពុជា"។

(បញ្ជាក់៖ លោក Wang Yingliang អ្នកនិពន្ធក្នុងមាតិកា "មូលធន និងប្រទេស" នៅលើគេហទំព័រចិន "Financial Times" របស់ចក្រភពអង់គ្លេស បច្ចុប្បន្នកំពុងផ្សព្វផ្សាយកម្មវិធី "កិច្ចសម្ភាសន៍១០០នាក់ ក្រោមប្រធានបទខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ" ក្នុងគោលបំណងអនុញ្ញាតឱ្យបុគ្គលជោគជ័យមកពីបណ្តា ប្រទេសនៅតាមបណ្តោយ "ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ" បង្ហាញពីទស្សនៈនិងគំនិតយោបល់របស់ពួកគេ ចំពោះអាជីវកម្មអន្តរជាតិ (WeChat ID: porsche910114)។ លោក Sun Yinglong អនុប្រធាន ប្រតិបត្តិនៃ "សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន" ជាអ្នកស្រាវជ្រាវ និងចូលរួម ក្នុងការ វិនិយោគឧស្សាហកម្ម ការអភិវឌ្ឍន៍ភាពវៃឆ្លាតនៃអាជីវកម្ម និងការគ្រប់គ្រងម៉ាកយីហោ ហើយបច្ចុប្បន្នលោកកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ អត្ថបទនេះតំណាងឱ្យទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធប៉ុណ្ណោះ។)

ប្រភព៖ Financial Times