(កណ្ដាល)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ដួង ហេង អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំដើមឬស រួមជាមួយអនុប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
បន្ទាប់ពីបានទស្សនានូវទិដ្ឋភាពទាំងស្រុងនូវប្រសាសន៍ដ៏មានសារសំខាន់ប្រកបដោយអត្ថន័យរបស់ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្សាយផ្ទាល់ចេញ ពីមជ្ឈមណ្ឌលកោះពេជ្ររួចមក, លោកបណ្ឌិត ដួង ហេង បានមានប្រសាសន៍សំណេះសំណាល និងថ្លែងទៅកាន់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួមទាំង៤៧៦នាក់ថា ថ្ងៃនេះគឺជាខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ សូមប្តេជ្ញាចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថានឹងបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលធ្វើឱ្យប្រជាជនគ្រប់រូបមានកំរិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។
លោកបណ្ឌិត ដួង ហេង បានបន្ថែមទៀតថា «ថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជាគឺជាថ្ងៃខួបកំណើតរបស់ប្រជាជនកម្ពុជាទាំងមូល ពីព្រោះថា មានគណបក្សប្រជាជនកម្ពុជាទើបយើងទាំងអស់គ្នាបានរួចផុតពីភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងការអភិវឌ្ឍដូចសព្វថ្ងៃនេះ»។
លោកបណ្ឌិត បានលើកឡើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពូជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យមានការឯកភាពជាតិ សន្តិភាពពេញលេញ និងការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅតាមមូលដ្ឋានទាំងអស់ ដូច្នេះយើងជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាការពារសន្តិភាពឲ្យបាន មិនឲ្យក្រុមអគតិមួយចំនួនតូចមកបំផ្លាញបានឡើយ។
លោកបណ្ឌិត ដួង ហេង បានបញ្ជាក់ថា «ដើម្បីការពារសន្តិភាពសមាជិកសមាជិកាទាំងអស់ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ និងសូមគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្ងៃអនាគត»។
មុនពេលដឹកនាំក្បួនដង្ហែរក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបានផ្ដាំផ្ញើឱ្យសមាជិក និងប្រជាពលក្នុងឃុំដើមឬសទាំងមូល សូមថែទាំងសុខភាពឱ្យល្អ និងបានអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ដែលបានមើលឃើញច្បាស់នូវសកម្មភាពសមិទ្ធផល និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាច ផ្កាជា សញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕