(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ នៅក្រុងសំរោង ដែលមានសមាជិក សមាជិកា ចូលរួមជាង៥០០០នាក់។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១ របស់គណបក្សប្រជាជនកម្ពុជានៅខេត្តឧត្តរមានជ័យ នាឱកាសនោះ មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សក្រុងសំរោង ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយក្រុងសំរោង និសមាជិក សមាជិកា មកពីតាមសង្កាត់ និងតាមភូមិក្នុងក្រុងសំរោងជាង ៥០០០នាក់។

បន្ទាប់ពីបានស្តាប់សារដ៏មានអត្ថន័យ នឹងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក ប៉ែន កុសល្យ បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ក្នុងក្រុងសំរោង ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះ ទៅកាន់សុខសន្តិភាពនិងការអភិវឌ្ឍតទៅទៀត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕