(កណ្ដាល)៖ ក្រោមការណែនាំពីលោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ ខេត្តកណ្តាល, នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ និងក្រុមការងារគណចុះមូលដ្ឋាន តាមបណ្តាឃុំ បានបន្តដឹកនាំសមាជិកសាមជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ១ម៉ឺននាក់ បន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅក្នុងមូលដ្ឋានស្រុកទាំងមូលតែម្តង។
កាលពីព្រឹកមិញលោក លឹម គានហោ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រមាណ ១ម៉ឺននាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទីស្នាក់ការគណបក្សស្រុក។ បន្ទាប់មកក្រុមការងារចុះជួយតាមឃុំ បានដឹកនាំសមាជិកសមាជិការបស់ខ្លួន ចុះឃោសនារកសំឡេងឆ្នោតនៅតាមមូលដ្ឋានរៀងៗខ្លួន។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕