(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានអំពាវនាវអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន កុំឱ្យចាញ់បោក និងរងគ្រោះដោយអំពើជួញដូរមនុស្ស និងជួញដូរផ្លូវភេទ។
ការថ្លែងរបស់លោកស្រីអភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកស្រីអញ្ជើញចូលរួម ក្នុងពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបទបង្ហាញផ្សព្វផ្សាយអំពី វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកឆែប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ព្រះវិហារ លោកប្រធានក្រុមប្រឹក្សា និងមន្ត្រីចំណុះរដ្ឋបាលសាលាស្រុកឆែប មេឃុំទាំង៨ មេភូមិគ្រប់ភូមិ និងបងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង៣ ក្នុងឃុំឆែប១ជាច្រើនរូបទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ លោកស្រី ប៉ាង រ៉ាវី ក៏បានថ្លែងលើកឡើងថា កម្មវិធីនាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទទួលបាននូវចំណេះដឹងដែលទាក់ទងទៅនឹងការអប់រំ និងផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលទាក់ទងទៅនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្រីប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានចូលរួម នាឱកាសនេះ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តាប់ និងចាប់យកនូវខ្លឹមសារនៃកិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ ដើម្បីទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងបន្តផ្សព្វផ្សាយនូវចំណេះដឹងទាំងអស់នេះ ទៅដល់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ជាបន្តទៀតឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹង និងចៀសផុតពីការចាញ់បោកគេ ពិសេសចៀសផុតពីការរងគ្រោះដោយសារអំពើ ជួញដូរមនុស្ស អំពើហឹង្សាក្នុងគ្រួសារ និងការជួញដូរផ្លូវភេទជាដើម។ ពិសេសបានយល់ដឹងអំពីការស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ក្នុងពេលដែលបងប្អូនជួបនូវបញ្ហាផ្សេងៗដែលពិបាកដោះស្រាយ។
ជាងនេះទៅទៀតបងប្អូន នឹងទទួលបាននូវព័ត៌មានល្អៗ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតនិងបើកឱ្យមានឡើងនូវវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីបង្កើតការងារធ្វើនៅក្នុងស្រុក ក៏ដូចជាមូលដ្ឋាន ដែលបងប្អូនរស់នៅ ដើម្បីទទួលបានប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារនិងកាត់បន្ថយបាននូវភាពក្រីក្រ និងចៀសផុតបានពីការធ្វើចំណាកស្រុកស្វែងរកការងារធ្វើក្រៅប្រទេស ដែលអាចប្រឈមទៅនឹងការចាញ់បោកគេ នឹងអាចធ្លាក់ចូលទៅក្នុងអំពើជួញដូរមនុស្សទៀតផង។
ជាមួយគ្នានេះ ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ ក៏បាធ្វើបទបង្ហាញ និងរបាយការណ៍ដែលទាក់ទងទៅនឹងចំណេះដឹងក្នុងការស្វែងរកការងារធ្វើ ការស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់នៅពេលមានបញ្ហា ទាក់ទងទៅនឹងវិស័យអប់រំ ពិសេសការ ទទួលបានព័ត៌មានពីវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តព្រះវិហារ ក្នុងការបើកវគ្គបណ្តុះបណ្តាល ទាក់ទងទៅនិងជំនាញផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ចូលរៀន នូវជំនាញផ្សេងៗពិសេស យុវជនដែលបោះបង់ការសិក្សា និងមិនទាន់មានការងារធ្វើ ដើម្បីទទួលបាននូវចំណេះដឹងនិងជំនាញក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត៕