(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុក ប្រជា សមាជិកគណៈកម្មាធិការកណ្តាល ជាបេក្ខជនតំណាងរាស្រ្តបំរុងមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ និងលោក ជ្រុន ថេរវ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល បានប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានសមាជិក សមាជិកាចូលរួមជាង២ពាន់នាក់ ជួបជុំនៅទីស្នាក់ការគណបក្សស្រុកព្រៃឈរ ព្រមទាំងបានដង្ហែក្បួនបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រីនីតិកាលទី៧ ឆ្លងកាត់ផ្លូវតាមបណ្តាឃុំទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្តាប់ពីបានស្តាប់សារដ៏មានអត្ថន័យ និងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក អ៊ុក ប្រជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេស សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ ឲ្យបានគ្រប់ៗ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងការហែក្បូនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕