(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញចូលរួម មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។
បន្ទាប់ពីអង្គពិធីទាំងមូលបានទស្សនា និងស្តាប់ ដោយយកចិត្តទុកដាក់ ការផ្សាយបន្តផ្ទាល់ពីថ្នាក់កណ្តាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ ជាពិសេសស្តាប់ការថ្លែងសុន្ទរកថា នយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សុន្ទរកថារបស់ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៧២ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានសម្រេចនូវស្នាដៃជាប្រវត្តិសាស្រ្ត គឺបានសង្គ្រោះជីវិតប្រទេសជាតិ និងប្រជាជនឲ្យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់នៃរបបដ៏ឃោរឃៅនេះ និងបានធ្វើជាស្នូលនៃការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរុំារ៉ៃ បង្កើតបានសុខសន្តិភាពពេញលេញ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសម្រេចការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងការបោះឆ្នោតរដ្ឋសភា ព្រឹទ្ធសភា បោះឆ្នោតឃុំ សង្កាត់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត បោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយទទួលបានការគាំទ្រ និងសាទរពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។
កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ដោយឡែកក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គណបក្សប្រជាជនកម្ពុជា បានពុះពារគ្រប់ឧបសគ្គ ដើម្បីការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាជនយើង ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលងើបចេញពីជំងឺកូវីដ-១៩ បានលឿនជាងគេនៅលើពិភពលោក។
បន្ទាប់ពីបានស្តាប់សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក ម៉ម ប៊ុននាង បានអញ្ជើញចូលរួមដឹកនាំការហែក្បួនឃោសនារកសំឡេងឆ្នោតយ៉ាងសកម្ម ស្របទៅតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានអំពាវនាវប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នាកុំបីខាន នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ៕