(ព្រៃវែង)៖ ព្រោះតែការស្រឡាញ់ចំណេះវិជ្ជា កូនប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងភូមិព្រៃផ្ញា ឃុំរំចែក ស្រុកព្រះស្តេច ខេត្តព្រៃវែង បាននិងកំពុងសិក្សាក្រោមដំបូល អគារប្រក់សង្កសី និង គ្មានជញ្ជាំងបិទបាំងនោះឡើយ ហើយពេលមានភ្លៀងខ្យល់ម្តងៗ សិស្សទាំង អស់ត្រូវខកខានការសិក្សាផងដែរ។
លោកនាយកសាលាកម្រិតមូលដ្ឋានរំចេក បានឲ្យដឹងថា សិស្សដែលរៀននៅក្រោមដំបូលអគារធ្វើពីឈើ ប្រក់សង្កសីអត់មានជញ្ជាំងនេះ ជួបការលំបាកខ្លាំង នៅរដូវវស្សានេះ។ នៅពេលមានភ្លៀងធ្លាក់ ខ្លាំងម្តងៗ ភ្លៀង បានសាចចូលសាលាមិនអាចបង្រៀនបាននោះឡើយ។
លោកនាយកសាលា បានបន្តថា ក្រៅពីភ្លៀងបាចសាចហើយនោះ ខ្យល់ ក៏ជាផលលំបាកសម្រាប់ ការសិក្សារបស់សិស្សផងដែរ។ បើតាមលោកនាយកសាលា នៅពេលមានខ្យល់បក់ខ្លាំងម្តង បានបើកធូលីដី និង ប៉ើងសៀវភៅ មិនអាចសិក្សាបាននោះឡើយ។ សម្រាប់ខែក្តៅវិញ កូនសិស្សត្រូវរៀនក្រោមសីតុណ្ហភាព ដ៏ក្តៅដែលជះពីដំបូលសង្កសី និង បែកញើសជោកពេញប្រាណ។ នេះបើតាមការបញ្ជាក់របស់នាយកសាលា។
លោកនាយកសាលាបញ្ជាក់ប្រាប់ Fresh News ថា «អគារនេះគ្មានជញ្ជាំងបិទបាំង ដើម្បីការពារខ្យល់ព្យុះភ្លៀងឡើយ។ ពេលមេឃបើកថ្ងៃក្ដៅខ្លាំងកូនសិស្សក្ដៅបែកញើសជោកពេញប្រាណ ពេលមានខ្យល់បក់បោកហុយធូលី ហើយដល់ពេលមានភ្លៀងធ្លាក់កូនសិស្សរឹតតែវេទនាខ្លាំង ព្រោះកូនៗសិស្សត្រូវឈរ ឬ អង្គុយរងារញ័រញាក់ប្រាណ»។
ដើម្បីផ្តល់ភាពកក់ក្តៅដល់សិស្សានុសិស្ស នាយកសាលា និង លោកគ្រូ អ្នកគ្រូ បានអំពាវនាវដល់រាជរដ្ឋាភិបាល និងសប្បុរសជនជួយឧបត្ថម្ភថវិកាកសាងជញ្ជាំងព័ទ្ធជុំវិញអគារសិក្សា បណ្ណាល័យសិក្សា និង ឯកសារសិក្សាមួយចំនួនដូចជា សៀវភៅពុម្ព សៀវភៅសរសេរ ក្ដារឆ្នួន ប៊ិច ខ្មៅដៃ បន្ទាត់ ព្រមទាំងបង្គន់អនាម័យ។
អ្នកគ្រូម្នាក់ ដែលបង្រៀននៅក្នុង «សាលាកម្រិតមូលដ្ឋានរំចេក» បានប្រាប់ឲ្យដឹងផងដែរថា សាលានេះ បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយផ្តើមចេញពីការប្រៀនសិស្សក្រោមដើមឈើ លុះក្រោយមកទើបសាងសង់បានអគារប្រក់សង្កសីនេះឡើង។ បច្ចុប្បន្នឆ្លើយតបនឹង កំណើនសិស្ស សាលាសាងសង់ បានអគារសិក្សាធ្វើពីថ្មមួយខ្នង និង មានបន្ទប់បណ្ណាល័យសិក្សាផងដែរ។តែដោយសារអគារសិក្សាធ្វើពីថ្មនោះ មិនអាចឲ្យសិស្សរៀនគ្រប់គ្នា ទើបបង្ខំឲ្យសិស្សជាង ១០០នាក់ ក្នុងចំណោមសិស្សជាង ៥០០នាក់ក្នុងសាលាទាំងមូល ត្រូវឲ្យទៅរៀននៅក្នុងអគារសិក្សាប្រក់សង្កសី ដែលគ្មានជញ្ជាំងនេះ។
បើតាមអ្នកគ្រូ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងទៀតថា អគារប្រក់សង្កសីគ្មានជញ្ជាំងនេះ មានសិស្សរៀនពីវេណក្នុងមួយថ្ងៃ គឺពេលព្រឹកមានពីរថ្នាក់ និងពេលរសៀលមានមួយថ្នាក់។
អ្នកគ្រូថា ការសិក្សាក្នុងអគារសិក្សានេះជួបការលំបាកយ៉ាងខ្លាំង។ «ការសិក្សាក្នុងអគារនេះ លំបាកខ្លាំងណាស់ ពេលមានភ្លៀងធ្លាក់ម្តង ៗ ត្រូវភ្លៀងសាចចូលសាលា មិនអាចរៀនបាននោះទេ ហើយពេលមានខ្យល់ ក៏ពិបាករៀនផងដែរ ព្រោះដីហ៊ុយខ្លាំង»។
អ្នកគ្រូ បានសម្តែងក្តីរំពឹងថា រាជរដ្ឋាភិបាល និងសប្បុរសជនជួយឧបត្ថម្ភសាងសង់អគារសិក្សា ដើម្បីផ្តល់ភាពកក់ក្តៅសម្រាប់សិស្សសិក្សា៕