(ព្រះសីហនុ)៖ រដ្ឋបាលក្រុងកោះរ៉ុង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានសហការរៀបចំកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ឆ្នាំ២០២៣។

ក្នុងនោះសង្កាត់កោះរ៉ុង នឹងធ្វើផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែង១៣០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លូមូលទោល អង្កត់ផ្ចិត១ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន១កន្លែង។ ជាមួយគ្នានេះ សង្កាត់កោះរ៉ុងសន្លឹម នឹងធ្វើផ្លូវបេតុងអាម៉េ ១ខ្សែ ប្រវែង១៣០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងលូមូលទោល អង្កត់ផ្ចិត១ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន១កន្លែង។

ក្នុងកិច្ចដំណើរការដេញ មានការចូលរួមសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ អភិបាលក្រុងកោះរ៉ុង គណៈកម្មការលទ្ធកម្ម និងមន្ត្រីគាំទ្របច្ចេកទេសខេត្ត ព្រមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនដេញថ្លៃជាច្រើន។

ជាកិច្ចចាប់ផ្តើម លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានខិតខំប្រឹងប្រែងបន្ថែមទៀតពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ គឺលោក គួច ចំរើន ជាក់ស្តែងតាមបណ្តាលឃុំ/សង្កាត់នៅក្នុងខេត្តព្រះសីហនុ បានដាក់ឲ្យដំណើរការដេញថ្លៃគម្រោងឃុំ/សង្កាត់ ជាបន្តបន្ទាប់ ហើយក៏បានសម្រេចលទ្ធផលល្អជាហូរហែផងដែរ។

កិច្ចប្រជុំបើកសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងកម្មពិធីដែលបានគ្រោងទុក ប្រកបដោយតម្លាភាព។ បន្ទាប់ពីប្រធានគណៈកម្មការលទ្ធកម្មបានប្រជុំសម្រេច និងប្រកាសលទ្ធផលនៃការដេញថ្លៃរួចមក ប្រធានក្រុមហ៊ុន ដែលបានដេញថ្លៃឈ្នះ បានឡើងមានមតិប្ដេជ្ញាចិត្ត ក្នុងការអនុវត្តការសាងសង់ ឲ្យមានគុណភាពល្អ ត្រឹមត្រូវទៅតាមប្លង់បច្ចេកទេស។

លោកនាយកទីចាត់ការបានមានមតិផ្ដាំផ្ញើ ដល់ក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះក្នុងការអនុវត្តគម្រោងមូលនិធិសង្កាត់ទាំងពីរ ត្រូវយកចិត្តទុកដាក់សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគម្រោងប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕