(ព្រះវិហារ)៖ ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណ ១,៥០០នាក់ មកពីតាមឃុំនានាទូទាំងស្រុកឆែប។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១ របស់គណបក្សប្រជាជនកម្ពុជានៅស្រុកឆែប នាឱកាសនោះ ធ្វើក្រោមវត្តមានចូលរួមពីលោក ពៅ សុីថា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកឆែប និងលោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជយយស្រុកឆែប ដោយមានការចូលរួមពីលោក សុខ សាន្តតារ៉ា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប ព្រមទាំងថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងសមាជិកបក្សសរុបប្រមាណ ១,៥០០នាក់។

បន្តាប់ពីបានស្តាប់សារដ៏មានអត្ថន័យ នឹងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោកប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត បានប្រាប់សមាជិកបក្សទាំងអស់ទូទាំងស្រុកឆែប ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

បើតាមលោក ជ ម៉ាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តព្រះវិហារ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន១២គណបក្ស។ ហើយនៅថ្ងៃទី១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ខេត្តព្រះវិហារ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ សម្រាប់គណបក្សចំនួន១១ទៀត អាចនឹងបើកយុទ្ធនាការនៅថ្ងៃខាងមុខ ឬក៏ថ្ងៃបញ្ចប់យុទ្ធនាការ៕