(បន្ទាយមានជ័យ​)​៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ក្រោយបង្ក្រាបក្នុងករណីជួញដូរ និងប្រើប្រាស់នូវ សារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​២០២៣ ថា នៅចំណុចខ្ទមមាត់អូរព្រំដែន ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យចំនួន០២នាក់រួមមាន៖

ទី១៖ ឈ្មោះ សុង ភារុន ហៅ កេះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសំអាងការ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ 
និងទី២៖ ឈ្មោះ ឈឹម សាវឿន ហៅប៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

វត្ថុតាងរួមមាន៖​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់១៧,៣២ក្រាម,​ ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿងចំនួន០១កូនថង់កិប និង០១បំពង់ទុយោ ស្មើនឹង៣៦គ្រាប់ ទម្ងន់៤,៥៣ក្រាម,​ ទូរស័ព្ទដៃចំនួន០២គ្រឿង,​ កូនកាបូបពណ៌ខ្មៅចំនួន០១,​ កូនថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ សុង ភារុន ភេទប្រុស អាយុ២៧ឆ្នាំ ក្រោយពីកម្លាំងជំនាញសួរនាំ បានបដិសេធថាគ្រឿងញៀនគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន ២៦គ្រាប់ នៅក្នុងកូនកាបូបពណ៌ខ្មៅនោះមិនមែនជារបស់ខ្លួនទេ គឺជារបស់ជនសង្ស័យម្នាក់ទៀត ឈ្មោះ រ៉ា ភេទប្រុស ដែលរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ សុង ភារុន បានឆ្លើយថារូបគេបានទិញគ្រឿងញៀនពីឈ្មោះ ស្រឹម ធី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងបានបន្តចុះប្រតិបត្តិការស្រាវជ្រាវ និងឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ស្រឹម ធី (រត់គេចខ្លួន) ជាលទ្ធផលឆែករកឃើញគ្រឿងញៀនម្ស៉ៅក្រាមចំនួន០១កូនថង់កិប ទម្ងន់ ០,៤៧ក្រាម, និងកូនថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយពីការឃាត់ខ្លួន និងសួរចម្លើយរួចមក ជនសង្ស័យឈ្មោះ​ សុង ភារុន ហៅ កេះ បានសារភាពថា ខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ចំណែកឈ្មោះ ឈឹម សាវឿន ហៅប៊ី គ្រាន់តែប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់​ មកបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យឈ្មោះ រ៉ា និងឈ្មោះ ស្រឹម ធី ភេទស្រី ដែលជាម្ចាស់ផ្ទះ ត្រូវបានកម្លាំងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕