(កំពត)៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ រួមនឹងថ្នាក់ដឹកនាំក្រុមការងារគណបក្ស និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខេត្តកំពតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត។

ក្បួនឃោសនាធំរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលមានអ្នកចូលរួមជាង ២ម៉ឺននាក់ មកពីស្រុកក្រុងទាំង៨ របស់ខេត្ត។

សមាជិកសមាជិកាដែលពាក់អាវ និងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា អមដោយទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទង់បក្សប្រជាជនកម្ពុជា មានទឹកមុខសប្បាយរីករាយ ពេញចិត្ត និងពោរពេញដោយជំនឿទុកចិត្ត និងក្តីសង្ឃឹមចំពោះអនាគតរបស់កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ក្រោយការស្តាប់សុន្ទរកថាបើករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីបើក សមាជិកសមាជិកាបក្សតាមស្រុកនីមួយៗបានចេញក្បួងដង្ហែរឃោសនារបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជាក្រុងបូកគោបានដឹកនាំក្បួងសង្ហែរក្នុងសង្កាត់ទាំង ៣ របស់ក្រុងរួមមានសង្កាត់បឹងទូក សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច។

សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាបានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការពារនិងកសាងមាតុភូមិឆ្នាំ២០២៣-២០២៨ រួមនឹងសមិទ្ធផលសំខាន់ៗជាច្រើនដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជនកម្ពុជា។

សមាជិកសមាជិកាទាំងអស់ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត៕