(កំពង់ធំ)៖ លោក ជូ កុល្លា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាឃុំគោល ជាង ៤០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនោះដែរលោក ជូ កុល្លា បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមការងារចុះមូលដ្ឋានឃុំគោល និងសមាជិក សមាជិកាទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតសម្តែងការគាំទ្រគោលនយោបាយ និងអំណាចរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា ការដង្ហែក្បួននេះ ដើម្បីនាំគណបក្សប្រជាជនកម្ពុជាឆ្ពោះទៅកាន់ជ័យជំនះសាជាថ្មី ដែលនឹងនាំមកនូវប្រជាជនកម្ពុជានូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិយើង។
លោកបានបន្ថែមទៀតថា ថ្ងៃនេះជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដូច្នេះសូមឱ្យសមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានជំហរច្បាស់លាស់ សម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។
ចុងក្រោយលោកសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨៕