(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានសំដែងការសប្បាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណ ចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ខេត្ត ដែលបានជួយស្តារប្រឡាយទឹក និងជួសជុលផ្លូវគ្រួសក្រហម ដែលមានប្រវែង២គីឡូម៉ែត្រ ដល់ពួកគាត់ក្នុងការធ្វើដំណើរ និងមានទឹកគ្រប់គ្រាន់ចំពោះប្រជាកសិករធ្វើស្រែចំការ។
ការថ្លែងរបស់ប្រជាពលរដ្ឋយ៉ាងដូចនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមការងារ CPP ខេត្ត ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត បានចាត់ឲ្យក្រុមហ៊ុនជំនាញចុះជួយស្ដារប្រឡាយ និងជួសជុលផ្លូវគ្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក អ៊ុំ ជាតិសុផា តំណាងអ្នកភូមិជំទាវ បានប្រាប់ភ្នាក់ងារ Fresh News ថា ទីតាំងប្រឡាយទឹកនេះពីមុន មានសភាពតូចរាក់ខ្លាំងណាស់ ពិសេសនោះទីតាំងខាងលើមិនថា រដូវប្រាំង និងរដូវវស្សា គឺគ្មានទឹកឡើយ ហើយប្រជាពលរដ្ឋក្នុងភូមិសង្ឃឹមលើប្រឡាយទឹកនេះ សម្រាប់ប្រើប្រាស់ ស្រោចស្រង់ផលកសិកម្មនានា។
លោកបន្តថា «ចំណែកផ្លូវនេះ ពីមុនពិបាកក្នុងការធ្វើចរាចរណ៍ខ្លាំងណាស់ កុំថាឡើយដល់រថយន្ត សូម្បីតែជិះកង់ ម៉ូតូ ក៏មិនរួចឡើយ តែថ្ងៃនេះសប្បាយចិត្តណាស់ ដែលក្រុមការងារCPPខេត្ត ចុះជួយទាន់ពេលវេលា»។
ក្នុងនោះដែរ លោកលី សារី បានថ្លែងថា ទាំងអស់នេះគឺមានការយកចិត្តទុក ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានក្រុមការងារចុះជួយថ្នាក់ជាតិ ដោយលោកមិនទុកឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជួបការលំបាកឡើយ។
បន្ថែមពីនេះ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្មនានា នៅតាមបណ្តោយផ្លូវ១ខ្សែ និងប្រឡាយទឹកនេះ សូមមេត្តាជួយថែរក្សាឲ្យបានល្អទាំងអស់គ្នា ចៀសវាងការដាក់របស់លក់ដូរ ឬចតយានជំនិះនៅលើចំណីផ្លូវ ដែលនាំឲ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ផងដែរ។
ជាមួយគ្នានោះ លោកក៏បានណែនាំដល់ក្រុមហ៊ុន ទទួលការស្ថាបនា សូមធ្វើការងារឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស និងឆាប់រហ័ស ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទៅឆាប់បានប្រើប្រាស់ និងប្រកបរបរចិញ្ចឹមជីវិត៕