(កំពង់ធំ)៖ លោក ខេន ឈុនគ័រ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំជាង ៣០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីត្តិកាលទី៧ ក្នុងមូលដ្ឋានឃុំទីពោធិ៍ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនោះដែរលោក ខេន ឈុនគ័រ បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារចុះមូលដ្ឋានឃុំទីពោធិ៍ និងសមាជិក សមាជិកាទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតសម្តែងការគាំទ្រគោលនយោបាយ និងអំណាចរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្ថែមថា ថ្ងៃនេះជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដូច្នេះសូមឱ្យសមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ មានជំហរច្បាស់លាស់ សម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។
ចុងក្រោយលោក សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕