(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកបាធាយ ខេត្តកំពង់ចាម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ងួន សុជាតិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម, លោក ឡាវ វ៉ាន់ សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយស្រុកបាធាយ, លោក លោកស្រី ប្រធានក្រុមការងារចុះជួយឃុំ ទាំង១២ នៃស្រុកបាធាយ និង លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់វិសេសវិសាលជាទីបំផុត ដែលសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ជួបជុំគ្នា ដើម្បីប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សារវីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបានបន្តចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកបាធាយ ខេត្តកំពង់ចាម។

លោកប្រធានក្រុមការងារ បន្តថា នេះគឺជាឱកាសដ៏សំខាន់ ដែលសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់គ្នា រួមដៃបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីដ៏រឹងមាំ និងខ្លាំងក្លារបស់សមាជិកសមាជិកាគណបក្ស ដើម្បីតបស្នងគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការប្រមូលសម្លេងគាំទ្រពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់គ្នា។

លោកប្រធានក្រុមការងារ បន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំ និងចំណាស់ជាងគេនៅកម្ពុជា ដែលមានអាយុរហូតដល់ ៧២ឆ្នាំ ជាមួយនឹងបទពិសោធន៍ និងប្រវត្តិតស៊ូ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិ មានគោលនយោបាយច្បាស់ លាស់ ដោយប្រតិបត្តិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្អែកតាមគោលការណ៍គ្រឹះ «គណបក្សប្រជាជនកម្ពុជា គឹជាគណបក្សរបស់ប្រជាជន បង្កើតឡើងដោយប្រជាជន និងដើម្បីប្រជាជន» ព្រមទាំង បានអនុវត្តកម្មវិធីនយោបាយរបស់គណបក្សបានយ៉ាងខ្ជាប់ខ្ជួន រហូតសម្រេចបានសមិទ្ធិផល ធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ មាតុ ភូមិ តួយ៉ាង ដូចជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័័យ ធ្វើឱ្យកិត្យានុភាពកម្ពុជាស្មើមុខមាត់ ល្បីរន្ទឺពេញពិភពលោក។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះលោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនគណបក្ស និងប្រជាជន ជាពិសេសតែងតែស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ខិតខំលះបង់អស់ពីកម្លាំងកាយ-ចិត្ត និងថវិកា ក្នុងការរៀបចំផែនការសកម្មភាព និងត្រៀមលក្ខណៈបានល្អ សម្រាប់ដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលនេះ ហើយប្រធានក្រុមការងារបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងនៅតែទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅទូទាំងប្រទេស ជាពិសេសស្រុកបាធាយនេះ នឹងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់លើសពីពេលបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២២ កន្លងទៅយ៉ាងប្រាកដ។

ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារ បានអំពាវនាសុំឱ្យមានការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ទាំង ៤ចំណុច ដែលប្រកាសឡើងដោយ សម្ដេចតេជា ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលកម្មវិធីនយោបាយនេះ មានគោលបំណងដើម្បីធានាការការពារសន្តិភាព និងនិរន្តរជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ នោះគឺ៖
១៖ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ព្រមទាំងពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ឱ្យចាក់គ្រឹះរឹងមាំក្នុងសង្គមជាតិ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ រួមជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។

២៖ ពង្រឹងឯកភាពជាតិ និងប្ដេជ្ញាទប់ស្កាត់ និងកម្ចាត់គ្រប់ទម្រង់នៃនយោបាយ និងសកម្មភាពជ្រុលនិយម បង្កឡើងដោយបុគ្គល ឬក្រុមបុគ្គល ឬអង្គការចាត់តាំងនយោបាយណាមួយ ឬមជ្ឈដ្ឋានអមិត្តណាមួយដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាពនយោបាយនៅកម្ពុជាតាមបែបឧទ្ទាម ដែលផ្ទុយទាំងស្រុងពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

៣៖ បន្តជ្រោងទង់មហាសាមគ្គីជាតិនៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សំដៅបង្រួបបង្រួមប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដោយឥតប្រកាន់ពូជសាសន៍, ពណ៌សម្បុរ, វ័យ, ភេទ, ភាសា, ជំនឿសាសនា, និន្នាការនយោបាយ, អតីតកាល, ដើមកំណើតជាតិ, ឋានៈសង្គម, ធនធាន ឬស្ថានភាពឯទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ ព្រមទាំងរួមសាមគ្គីគ្នាបន្តកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង។

៤៖ បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅគ្រប់រូបភាព កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រ-កម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះ បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

លោកប្រធានក្រុមការងារ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នេះ នឹងមានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕