(តាកែវ)៖ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងារគណបក្សចុះជួយឃុះជ័យជោគ ស្រុកបុរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រមាណជាង៣០០នាក់ បើកយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង។

បន្ទាប់ពីបានស្តាប់សារដ៏មានអត្ថន័យ និងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក, លោក អ៊ុក សំនៀង បានអំពាវនាវដល់សមាជិកបក្សទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

អនុប្រធានក្រុមការងារគណបក្សចុះជួយឃុះជ័យជោគ បានថ្លែងទៅកាន់សមាជិកបក្សថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ពីមួយអាណត្តិទៅមួយអាណត្តិទៅមួយអាណត្តិ មានការគាំទ្រច្រើនឡើងពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជនតែងតែគិតគួពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានកសាងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនទ្វេរឡើង។

លោក អ៊ុក សំនៀង បានអំពាវនាវឱ្យសមាជិកបក្សនិងបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនថែមទៀត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕