(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកគណបក្សជាង៦ពាន់នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ និងអបអរពិធីរំលឹកខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីនេះក៏មានការចូលរួំពីសំណាក់លោក នូវ ប៉េងចាន់តារា អភិបាលខេត្តស្ដីទីខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំខេត្តទាំងអស់ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្តផងដែរ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
បន្ទាប់ពីបានទស្សនានូវទិដ្ឋភាពទាំងស្រុងនូវប្រសាសន៍ដ៏មានសារសំខាន់ប្រកបដោយអត្ថន័យរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្សាយផ្ទាល់ចេញពីមជ្ឈមណ្ឌលកោះពេជ្ររួចមក, លោកបណ្ឌិត ម៉ៅ ភិរុណ បានសំណេះសំណាល និងថ្លែងទៅកាន់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួមទាំងជាង ៦ពាន់នាក់ថា ថ្ងៃនេះគឺជាខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ សូមប្តេជ្ញាចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថានឹងបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលធ្វើឱ្យប្រជាជនគ្រប់រូបមានកំរិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។
លោកបណ្ឌិតបានបន្ថែមទៀតថា ថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជា គឺជាថ្ងៃខួបកំណើតរបស់ប្រជាជនកម្ពុជាទាំងមូល ពីព្រោះថា មានគណបក្សប្រជាជនកម្ពុជាទើបយើងទាំងអស់គ្នាបានរួចផុតពីភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ដូច្នេះយើងទាំងអស់គ្នាតាំងចិត្តយ៉ាងមុតមាំថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យ សម្ដេចតេជោ បន្តដឹកនាំប្រទេស និងគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់បណ្ឌិត ហ៊ុន ម៉ាណែត។
មុនពេលដឹកនាំក្បួនដង្ហែក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោកបណ្ឌិត បានផ្ដាំផ្ញើឱ្យសមាជិក និង ប្រជាពលក្នុងក្រុងតាខ្មៅទាំងអស់ សូមថែទាំងសុខភាពឱ្យល្អ និងបានអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ដែលបានមើលឃើញច្បាស់នូវសកម្មភាពសមិទ្ធផល និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕